សារព័ត៌មានរដ្ឋសហរដ្ឋអាមេរិក រាយការណ៍ថា បុរសម្នាក់ដែលបានបាញ់សម្លាប់មនុស្ស៨នាក់ រួមទាំងកុមារនៅផ្សារទំនើបទីក្រុង Dallas ត្រូវបានកំណត់អត្តសញ្ញាណបានហើយ។

របាយការណ៍នោះ និយាយដោយដកស្រង់សម្ដីរបស់ក្រុមអ្នកស៊ើបអង្កេតថា នគរបាលបានចូលទៅដល់សណ្ឋាគារមួយនៅក្បែរនោះជាទីដែលជនសង្ស័យ ឈ្មោះ Mauricio Garcia វ័យ៣៣ឆ្នាំ កំពុងស្នាក់នៅ ព្រមទាំងផ្ទះមួយនៅក្នុងទីក្រុងនេះ ។
ជនសង្ស័យ ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីនគរបាលម្នាក់ ដែលបានទទួលទូរស័ព្ទផ្សេងមួយទៀត នៅក្នុងតំបន់កើតហេតុកាលពីថ្ងៃសៅរ៍ ។ ជនរងគ្រោះយ៉ាងហោចណាស់ ៣នាក់ នៅតែមានស្ថានភាពរបួសធ្ងន់ កាលពីថ្ងៃអាទិត្យ។

ទីភ្នាក់ងារសារព័ត៌មានAP និងសារព័ត៌មាននានារបស់សហរដ្ឋអាមេរិក បាននិយាយថា ការកំណត់អត្តសញ្ញាណរបស់ជនល្មើស Garcia ត្រូវបានបញ្ជាក់ដោយក្រុមន្ត្រីអនុវត្តន៍ច្បាប់ មួយចំនួន ដែលនិយាយសុំមិនបញ្ចេញឈ្មោះដោយ សារការស៊ើបអង្កេតដែលនៅតែបន្ត។
សារព័ត៌មាន AP បាននិយាយថា អាវុធមួយចំនួនត្រូវបានរកឃើញ នៅកន្លែងកើតហេតុ បន្ទាប់ពីខ្មាន់កាំភ្លើងរូបនេះ ត្រូវបានបាញ់សម្លាប់ រួមទាំងកាំភ្លើងខ្លីមួយដើម និងកាំភ្លើងវែងមួយដើមម៉ាក AR-15។
ក្រុមអ្នកស៊ើបអង្កេតកំពុងតាមដានលើបណ្ដាញសង្គម និងគណនីអនឡាញស្វែងរកថា តើខ្មាន់កាំភ្លើងរូបនេះ អាចមានជាប់ពាក់ព័ន្ធនឹងក្រុមជ្រុមនិយមបង្ក ហិង្សាក្នុងស្រុក និងជនណាមួយដែលមានគំនិតដូចគ្នា ។
លោកប្រធានាធិបតី Joe Biden បានអំពាវនាវឲ្យមានការហាមប្រាមលើការប្រើប្រាស់កាំភ្លើងវែង វាយប្រហារបែបនេះ កាលពីថ្ងៃអាទិត្យ ដោយបង្ហាញការសោកស្ដាយនូវអ្វីដែលលោកបានហៅថាជាអំពើហិង្សាចុងក្រោយបំផុតដែលបានបំផ្លិចបំផ្លាញប្រទេសរបស់លោក៕