ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៣នេះ បង្ហោះវីដេអូក្រុមអ្នកគាំទ្រកីឡាមួយក្រុមធ្វើសកម្មភាពដែលជា «ទង្វើដែលមិនគួរឲ្យកើតមានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម»!!! និងគួរជៀសវាងកុំឱ្យកើតមានឱ្យសោះនៅទង្វើបែបនេះ ខណៈតាមរយៈវីដេអូថតបានសកម្មភាពក្រុមអ្នកគាំទ្រកម្ពុជា បានប្រើពាក្យសម្ដីមិនសមគួរទៅកាន់ក្រុមកីឡាករ និងប្រតិភូកីឡាករថៃ។
ឯកឧត្ដម ថ្លែងថា ឈ្នះ ឬចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថា ជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្ដមបន្តថា៖«រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើង បែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ»។
ឯកឧត្ដម ហ៊ុន ម៉ានី សង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្ដមបញ្ជាក់ថា៖«កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង»៕
