កោះកុង៖ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ខេត្តកោះកុង បានរងសម្ពាធ ផលប៉ះពាល់ខ្លាំងគួរសម ក្រោមឥទ្ធិពលព្យុះភ្លៀង និងផ្គររន្ទះ កាលពីយប់ថ្ងៃទី៥ ខែឧសភា។
លោក ឈេង សុវណ្ណ អភិបាលក្រុងខេរមភូមិន្ទ បានផ្តល់ព័ត៌មានបឋមនៅព្រឹកថ្ងៃទី៦ ឧភា នេះថា មានដើមឈើតូចធំមិនក្រោម៦ដើមបានបាក់ដួលរលំ និងរលំតង់លក់អាហារជាច្រើនកន្លែង នៅតាមសួនច្បាររងផលប៉ះពាល់ ព្រោះតែមិនអាចទ្រាំទ្របាននូវអំណាចគ្រោះថ្នាក់ធម្មជាតិ។ ចរន្តអគ្គិសនីបានដាច់ សម្រាប់ការផ្គត់ផ្គង់ពេញមួយយប់ ប៉ុន្តែមានភ្លើងដំណើរការឡើងវិញហើយ។
លោកអភិបាលក្រុងខេមរភូមិន្ទ ក៏ចាត់ឱ្យមន្រ្តី និងអាជ្ញាធរមូលដ្ឋាន ចុះកាប់សម្អាតដើមឈើដែលដួលរលំជាបន្តបន្ទាប់ហើយ ព្រមទាំងរង់ចាំរបាយការណ៍ពីមេភូមិសង្កាត់ ករណីមានលំនៅដ្ឋានពលរដ្ឋរងគ្រោះ ដើម្បីផ្តល់នូវសម្ភារៈស្បៀងអាហារដោះស្រាយជីវភាព។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឱ្យដឹងដែរថា ដើមស្រល់ធំមួយដើម ដែលដួលរលំមុខមន្ទីរពេទ្យ បង្កឱ្យបាក់របង និងរថយន្តបន្តិចប៉ុណ្ណោះ ពោលគឺមិនមានមនុស្សណាម្នាក់ស្លាប់ ឬ រងរបួសឡើយ។
លោកប្រធានមន្ទីរពេទ្យ បន្ថែមថា កាលពីម៉ោង១១ យប់ថ្ងៃទី៥ ឧសភា ក្រុមសន្តិសុខមើលឃើញពីអាកាសធាតុមិនស្រួល ក៏នាំគ្នាដឹកជម្លៀសរថយន្ត ម៉ូតូ ឬសម្ភារៈសំខាន់ចេញពីទីតាំងដែលប្រឈម នឹងបាក់បែកធ្លាក់លើ ត្រៀមបង្ការគ្រោះថ្នាក់ជាយថាហេតុ។ នេះគ្រាន់តែផលប៉ះពាល់ដោយសារព្យុះភ្លៀងនៅក្នុងក្រុងខេមរភូមិន្ទប៉ុណ្ណោះទេ គិតមកទល់ម៉ោងនេះ មិនទាន់បូកសរុបពីគ្រោះធម្មជាតិនៅតាមបណ្តាឃុំស្រុកដ៏ទៃទៀតឡើយ ព្រោះអាជ្ញាធរខេត្តកំពុងណែនាំដល់អាជ្ញាធរស្រង់តួទិន្នន័យបញ្ចូនមកខេត្ត៕
អត្តបទ ៖ ឈឹម មករា




