ភ្នំពេញ៖ យុវជនស្ម័គ្រចិត្ត៣នាក់រងរបួសចូលសម្រាកនៅមន្ទីរពេទ្យ អំឡុងពេលបំពេញភារកិច្ចរៀបសណ្ដាប់ធ្នាប់ជូនទស្សនិកជនទស្សនា ការប្រកួតកីឡាបាល់ទាត់កម្ពុជាប៉ះមីយ៉ាន់ម៉ា កាលពីយប់មិញ ត្រូវបានឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចុះសួរសុខទុក្ខ និងផ្ដល់ថវិកាឧបត្ថម្ភ។
ឯកឧត្ដម សៅ សុខា បានសរសេរនៅលើហ្វេសប៊ុក នារសៀលថ្ងៃទី៨ ខែឧសភានេះថា យុវជនស្ម័គ្រចិត្ត រងរបួសទាំង៣នាក់ អំឡុងពេលចូលរួមរៀបចំសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរងរបួសក្នុងពេលបំពេញភារកិច្ចដោយសារទស្សនិកជន ដណ្តើមគ្នាជ្រៀតចូលទស្សនាដោយផ្ទាល់ការប្រកួតកីឡាបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមមីយ៉ាន់ម៉ា ដែលមានម្នាក់មកពីខេត្តសៀមរាប ម្នាក់មកពីខេត្តបាត់ដំបង ម្នាក់មកពីខេត្តពោធិ៍សាត់ និងស្រីម្នាក់ជាអ្នកជម្ងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភពក្រុង។
ឯកឧត្តមថ្លែងថា៖«ខ្ញុំ និងកូនប្រុសបានទៅសួរសុខទុក្ខ និងផ្តល់ថវិការបន្តិចបន្ទួចសម្រួល សម្រាប់ប្រើប្រាស់ទិញចំណីអាហារ ឬប្រើប្រាស់តាមតម្រូវការផ្សេងៗទៀតរបស់អ្នកជម្ងឺ នៅវេលាម៉ោង ១៣ និង០០នាទីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ៕




