
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ និយាយថា ខ្លួនកំពុងផ្អាកជំនួយស្បៀងអាហារសម្រាប់ជនជាតិប៉ាឡេស្ទីនជាង ២០០.០០០នាក់ ចាប់ពីខែក្រោយនេះ ដោយសារវិបត្តិថវិកាធ្ងន់ធ្ងរ។ ចំនួននេះ តំណាងឱ្យប្រហែល ៦០% ករណីនៅក្នុងតំបន់ ហើយវាអាចកាន់តែអាក្រក់ទៅៗ។
ប្រមុខប្រចាំដែនដីប៉ាឡេស្ទីនរបស់កម្មវិធីនេះលោក Samer Abdeljaber បានប្រាប់សារព័ត៌មានរ៉យទ័រថា ខ្លួននឹងបន្តផ្តល់ជំនួយដល់ប្រជាជនចំនួន ១៤០.០០០នាក់ ដែលត្រូវចាត់ទុកថាមានហានិភ័យខ្ពស់បំផុតនៅក្នុងតំបន់ វេស ប៊ែង និងហ្គាហ្សា ប៉ុន្តែប្រសិនបើមិនមានដំណោះស្រាយផ្តល់មូលនិធិក្នុងពេលឆាប់ៗនេះទេ ជំនួយស្បៀងអាហារ ព្រមទាំងថវិកាទាំងអស់នឹងត្រូវកាត់ផ្ដាច់ពីប៉ាឡេស្ទីននៅខែសីហា។
គ្រួសាររបស់អ្នកស្រី Jamalat El-Dabour នៅតំបន់ហ្គាហ្សា គឺជាមួយក្នុងចំណោមអ្នកទទួលជំនួយទាំងនោះ។ អ្នកស្រីនិយាយថា អ្នកស្រីខ្លាចថាគ្រួសារខ្លួននឹងស្លាប់ដោយអត់អាហារ ហើយអ្នកស្រីមិនដឹងធ្វើយ៉ាងណានោះទេ។ អ្នកស្រីមិនមានលុយសូម្បីមួយកាក់មួយសេនឡើយ ហើយសង្ឃឹមថាក្រុមជំនួយសង្គមក្នុងស្រុកនឹងមកដល់ឆាប់ៗ។
តំបន់ហ្គាហ្សា ដែលស្ថិតក្រោមការរារាំងយ៉ាងយូររបស់អ៊ីស្រាអែល និងអេហ្ស៊ីប លើកង្វល់សន្តិសុខ គឺជាជម្រកសម្រាប់ប្រជាជន ២,៣លាននាក់។ យោងតាមអង្គការសហប្រជាជាតិ និងក្រុមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ប្រជាជនប្រហែល ៤៥% គ្មានការងារធ្វើ ហើយ ៨០% ពឹងផ្អែកលើជំនួយអន្តរជាតិ៕
