ប៉េតង់៖ កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា សុខ ចាន់មាន បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងជម្នះរាល់ឧបសគ្គ ពិសេសអំឡុងវិបត្តិកូវីដ-១៩ ដើម្បីត្រៀមខ្លួនចូលរួមប្រកួត និងដណ្ដើមមេដាយជូនជាតិនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកាខាងមុខ។
អតីតម្ចាស់មេដាយមាស ២សម័យ និងប្រាក់ ៣សម័យនៃព្រឹត្តិការណ៍ស៊ីហ្គេមនេះបានបញ្ជាក់ថា សម្រាប់ស៊ីហ្គេមនៅវៀតណាមចុងឆ្នាំនេះ ខ្លួនអាចនឹងប្រកួតលើវិញ្ញាសាវាយយកពិន្ទុវិញ ផ្ទុយពីស៊ីហ្គេមលើកចុងក្រោយនៅហ្វីលីពីន ដែលខ្លួនប្រកួតវិញ្ញាសាវាយគូបុរសដណ្ដើមបានមេដាយប្រាក់។ សុខ ចាន់មាន បន្ដថា ទាំងវិញ្ញាសាវាយគូ ឬវាយយកពិន្ទុ ខ្លួនសុទ្ធតែមានបទពិសោប្រកួត និងអាចប្រកួតបាន តែបញ្ហាប្រឈម និងជាកង្វល់គឺការហ្វឹកហាត់ ព្រោះបញ្ហាកូវីដ-១៩ ធ្វើឲ្យកីឡាករ-កីឡាការិនីគ្រប់រូបជួបការលំបាក ទោះបីមានការប្រមូលផ្ដុំហ្វឹកហាត់តាមរយៈ Online ក៏ដោយ ដោយសារកីឡាប៉េតង់ត្រូវការទីលានហ្វឹកហាត់ជាចាំបាច់។ យ៉ាងណាក្ដី អតីតម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៦ រូបនេះបានបង្ហាញឆន្ទៈដ៏មុះមុត ក្នុងការជម្នះរាល់បញ្ហាប្រឈមនានា ដើម្បីត្រៀមខ្លូនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ទោះបីឈ្នះ ឬចាញ់ ខ្លួននឹងខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លា ហើយប្រឹងប្រែងពេលប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកលទ្ធផលល្អជូនជាតិ។
គួរបញ្ជាក់ថា សុខ ចាន់មាន បានប្រឡូកអាជីពកីឡាប៉េតង់ជាង ២០ឆ្នាំមកហើយ ដោយមានបទពិសោធជោគជាំក្នុងការប្រកួតលើឆាកអន្ដរជាតិ ហើយបានដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធជាបន្ដបន្ទាប់ ទាំងក្នុងការប្រកួតកម្រិតតំបន់អាស៊ី និងពិភពលោកសរុបចំនួន ២៩ព្រឹត្តិការណ៍ ចាន់មាន ដណ្ដើមបានមេដាយសរុប ៣៩គ្រឿង ក្នុងនោះមានមេដាយមាស ១២គ្រឿង៕
អត្ថបទ៖ លី ឈុនឡា