
មន្ត្រីអ៊ុយក្រែនមួយរូបនិយាយថា រុស្ស៊ីបានបង្កភាពស្លន់ស្លោយ៉ាងខ្លាំងពេលដែលពួកគេជម្លៀសខ្លួនមនុស្សចេញពីទីក្រុងជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។
រុស្ស៊ីបាននិយាយប្រាប់ប្រជាពលរដ្ឋឲ្យចាកចេញពីទីតាំងលំនៅ ១៨កន្លែង នៅក្នុងតំបន់ Zaporizhzhia ដែលរួមទាំងទីក្រុង Enerhodar នៅជិតរោងចក្រ Zaporizhzhia មុនការវាយបកតាមការព្យាករណ៍របស់ទីក្រុងគីវ។
លោក Ivan Fedorov គឺជាអភិបាលក្រុង Melitopol របស់អ៊ុយក្រែននិយាយថា មានការរង់ចាំរយៈពេល ៤ម៉ោង មុនពេលរថយន្តរាប់ពាន់គ្រឿងចាកចេញ។
ក្រុមឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ(UN) បានព្រមានថា ឧបទ្ទវហេតុនុយក្លេអ៊ែរធ្ងន់ធ្ងរ អាចនឹងកើតឡើង។
លោក Rafael Grossi គឺជាប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)និយាយប្រាប់ BBCថា ការជម្លៀសខ្លួនប្រជាពលរដ្ឋនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ជាសញ្ញាមួយបញ្ជាក់យ៉ាងច្បាស់ពីការប្រយុទ្ធគ្នាទ្រង់ទ្រាយធំរវាងកងកម្លាំងរុស្ស៊ី និងកងកម្លាំងអ៊ុយក្រែននៅជុំវិញរោងចក្រ។
លោកថា ថ្វីត្បិតតែម៉ាស៊ីនរ៉េអាក់ទ័ររោងចក្រ ពុំផលិតអគ្គិសនីក៏ដោយ ក៏វានៅផ្ទុកដោយសារធាតុនុយក្លេអ៊ែរដែរ។
លោក Grossi បន្តថា លោកធ្លាប់ធ្វើដំណើរឆ្លងកាត់ចម្ការមីន ពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia កាលពីរយៈពេលប៉ុន្មានសប្តាហ៍មុន៕
