
សហព័ន្ធនៃបណ្ដារដ្ឋអារ៉ាប់ បាននិយាយកាលពីថ្ងៃអាទិត្យ (៧ ឧសភា)ថា គណៈកម្មាធិការមួយនឹងត្រូវបានបង្កើតឡើង ដើម្បីទំនាក់ទំនងជាមួយបណ្ដាភាគីសង្គ្រាមស៊ូដង់ និងសហគមន៍អន្តរជាតិ ក្នុងបំណងជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់។
គណៈកម្មាធិការដែលត្រូវបានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់ថ្នាក់រដ្ឋមន្ត្រី គ្រោងនឹងរួមបញ្ចូលប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit ។
ស្នូរនៃការប្រយុទ្ធគ្នាអាចនៅលាន់ឮឡើងនៅទីក្រុង Khartoum ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមបេសកជនមកពីបណ្ដាភាគីសង្គ្រាមរបស់ស៊ូដង់ស្ថិត នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតសម្រាប់កិច្ចពិភាក្សាដែលក្រុមអ្នកសម្របសម្រួលអន្តរជាតិសង្ឃឹមថានឹងបញ្ចប់ជម្លោះដែលមានរយៈពេលបីសប្តាហ៍ ដែលបានសម្លាប់មនុស្សរាប់រយនាក់ ព្រមទាំងបង្កឱ្យមានការជម្លៀសដ៏ច្រើននេះ។
គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត គឺជាការប៉ុនប៉ងប្រកបដោយឆន្ទៈខ្ពស់ជាលើកដំបូងដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) ដែលបានប្រែក្លាយផ្នែកខ្លះនៃរដ្ឋធានីស៊ូដង់ ទៅជាតំបន់សង្គ្រាម ដោយបានបង្អាក់ផែនការគាំទ្រជាអន្តរជាតិ ដើម្បីឈានទៅរកការដឹកនាំបែបស៊ីវិល ក្រោយភាពចលាចល និងការបះបោររយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានបង្កើតនូវវិបត្តិមនុស្សធម៌នេះ៕
