ភ្នំពេញ៖ បន្ទាប់ពីសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលលថ្ងៃទី៨ ខែខែឧសភា ឆ្នាំ២០២៣នេះ ឱ្យឯកឧត្ដម សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅមុននេះបន្តិច ឯកឧត្ដម សៅ សុខា បានប្រកាសគោរពទទួលយកនូវការអំពាវនាវ របស់សម្ដេចតេជោ ដោយបន្តតំណែងជាប្រធានសហព័ន្ធបន្តទៀត។
ឯកឧត្តម សៅ សុខា បានថ្លែអថា៖ «ខ្ញុំសូមគោរពទទួលយកនូវការអំពាវនាវពី សម្តេចអគ្គមហាសនាបតីតេជោ និងបងប្អូនអ្នកនិយម ស្នេហាវិស័យកីឡាបាល់ទាត់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្ត ភក្តិបរទេសទាំងអស់ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៅតាមអាណត្តិ នៃការបោះឆ្នោតរបស់ខ្លួន»។
ឯកឧត្ដមបន្តថា ដើម្បីឆ្លើយតបទៅ នឹងទំនុកចិត្តរបស់សម្តេចតេជោ និងបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ខ្ញុំសូមធ្វើការអំពាវនាវចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ ត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែក ដើម្បីភាពជឿនលឿនថ្មីសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា ដើម្បីសុខភាព មិត្តភាព និងកិត្តិយសជាតិតាមរយៈការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈអន្តរជាតិសម្រាប់អនាគតកាល៕
