
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយឯកឧត្តម Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទ ស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមទស្សនាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី រាប់ពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតដំបូងក្នុងឆ្នាំ១៩៦៥ ក្រោយពេលដែលសិង្ហបុរីក្លាយជារដ្ឋឯករាជ្យ ដែលនៅពេលនោះ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងបង្អស់ដែលបានទទួ លស្គាល់ឯករាជ្យរបស់សិង្ហបុរី។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកាន់តែប្រសើរឡើងនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលមានលក្ខណៈជិតស្និទ្ធ, ស៊ីជម្រៅ និងប្រកបដោយទំនុកចិត្ត ដោយក្នុងនេះ សិង្ហបុរីក៏បានផ្តល់ការគាំទ្រផងដែរចំពោះភាពជាប្រធា នអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ក៏ដូចជាការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ តាមរយៈការផ្តល់ការហ្វឹកហ្វឺនផ្នែកការពារស ន្តិសុខ-សុវត្ថិភាពដល់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទជាដើម។
ជាការឆ្លើយតប ឯកឧត្តម Teo Chee Hean បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចសហប្រតិ បត្តិការទ្វេភាគី កម្ពុជា-សិង្ហបុរី ដែលកំពុងមានភាពរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ និងបានថ្លែងនូវការកោតសរសើរចំពោះជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗជាលក្ខណៈតំបន់ជាច្រើន ជាពិសេសភាពជាប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយក្នុងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំ ណរគុណផងដែរ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះអត្តពលិក និងគណៈប្រ តិភូកីឡារបស់សាធារណរដ្ឋសិង្ហបុរី ដែលកំពុងចូលរួមការប្រកួតនៅកម្ពុជា៕ ដោយ៖ គង់ ឌិន





