
នគរបាលនិយាយថា មនុស្ស២នាក់នៅលើដី បានស្លាប់ បន្ទាប់ពីយន្តហោះយោធា MiG-21 ផលិតនៅប្រទេសរុស្ស៊ី បានធ្លាក់ទៅលើលំនៅឋានមួយខ្នង ក្នុងប្រទេសឥណ្ឌា នៅថ្ងៃចន្ទនេះ។ អកាសយានិក ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។ មន្ត្រីនគរបាល លោក Sudhir Chaudhary បានប្រាប់សារព័ត៌មាន AFP បន្ទាប់ពីការធ្លាក់យន្តហោះនៅរដ្ឋ Rajasthan ភាគខាងលិចថា យន្តហោះប្រភេទMiG បានធ្លាក់ទៅលើលំនៅឋានមួយខ្នង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងមនុស្ស៣នាក់ផ្សេងទៀតរងរបួស។
កងកម្លាំងទ័ពអាកាសឥណ្ឌា បានបញ្ជាក់ថា ការធ្លាក់នោះ អាកាសយានិក បានលោតចេញពីយន្តហោះ។
កងកម្លាំងទ័ពអាកាស បានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រថា យន្តហោះ Mig-21 របស់កងកម្លាំងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅជិតតំបន់ Suratgarh អំឡុងការហ្វឹកហាត់ប្រចាំថ្ងៃ នៅព្រឹកថ្ងៃចន្ទនេះ។អាកាសយានិក បានលោតចេញដោយសុវត្ថិភាព ដោយរងរបួសស្រាល។
ការសាកសួរត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ពីមូលហេតុនៃឧបត្តិហេតុនេះ។ កាលពីខែកក្កដា ឆ្នាំ២០២២ អាកាសយានិក២នាក់ បានស្លាប់នៅពេលដែលយន្តហោះ MIG-21 បានធ្លាក់ក្នុងការហោះហើរហ្វឹកហ្វឺន នៅក្នុងរដ្ឋ Rajasthan ។
ការធ្លាក់នោះ គឺជាយន្តហោះ MIG-21 ទី៦ ដែលបានធ្លាក់ចាប់តាំងពីខែមករា ឆ្នាំ២០២១ បណ្តាលឲ្យអាកាសយានិក៥នាក់ បានស្លាប់។ យន្តហោះ MIG-21 ផលិតនៅប្រទេសរុស្ស៊ី ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាលើកដំបូង ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយអស់រយៈពេលច្រើនទសវត្សរ៍ បានដើរតួនាទីសំខាន់បំផុតរបស់កងកម្លាំងទ័ពអាកាសរបស់ប្រទេសនេះ៕
