កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។
ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម នៅថ្ងៃនេះឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥២២នាក់ ចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ពិនិត្យ ព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ដោយឥតគិតថ្លៃចំនួន ៧,៨៧៩នាក់ នៅវត្តទួលស្គរ ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជាពិសេសក្នុងសម្មភាពសប្បុរសធម៌ ខាងលើនេះឯកឧត្តម លេង ផាលី បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលកំពុងស្ម័គ្រចិត្តបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញទី៦ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។
សកម្មភាពសប្បុរសធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មកកាន់ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ធ្វើឡើងដោយកិច្ចសហការជាមួយលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ លោកស្រី ស៊ុម ផល្លី អភិបាលរងស្រុកបរសេដ្ឋ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរសេដ្ឋ សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបរសេដ្ឋ យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធិកម្ពុជា ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ និង លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី លោកវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ស្ពឺ និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែមានសកម្មភាពយ៉ាងសកម្មចុះជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី និងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មជាច្រើនលើកច្រើនសារក្នុងខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋ លោកតា លោកយាយ បងប្អូន កម្មករ កម្មការិនី រស់នៅតាមសហគមន៍ក្នុងស្រុកបរសេដ្ឋ ចំនួនជាង៧ពាន់នាក់ បានអញ្ជើញមកទទួលសេវាថែទាំសុខភាព ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានក្តីសប្បាយរីករាយឥតឧបមា ពិសេសគោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ដែលបានយកចិត្តទុកដាក់ខ្លាំងក្លាជាទីបំផុត និងនាំយកអំណោយមនុស្សធម៌មួយ គឺឱសថ និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើឲ្យពួកគាត់មានសុខភាពល្អ រស់នៅក្រោមម្លប់ដ៏ត្រជាក់ ។
ឮជាចុងក្រោយឯកឧត្តម លេង ផាលី បានថ្លែងថា តាងនាមឲ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ។ ជាពិសេសក្នុងដំណើរបេសកកម្មសប្បុរសធម៌នេះ មានរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ០៧ ឧសភា ឆ្នាំ២០២៣) មកហើយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន១១,៧០៦នាក់ ក្នុងនោះស្ត្រីមានចំនួន៦,៣៦៥នាក់ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១០១១លើក ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៧០៨,៥២៤នាក់ (ដប់មួយលាន ចិតសិបម៉ឺន ប្រាំបីពាន់ ប្រាំរយ ម្ភៃបួន នាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៩៧៦,០២៥នាក់ (ប្រាំលាន កៅសិបប្រាំពីរម៉ឺន ប្រាំមួយពាន់ ម្ភៃប្រាំនាក់)គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ បានចំនួន ២ ភាគ ៣ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ និយាយដោយឡែកគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៥៤៣,២៣៩ដូស (ដប់លាន ហាសិបបួនម៉ឺនបីពាន់ពីររយសាមសិបប្រាំបួន ដូស) ក្នុង២៥ រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕ អត្ថបទ៖ រដ្ឋា














