
ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទ (៨ ឧសភា)នេះថា ប្រទេសចិនប្រឆាំងនឹងវិធានការណាមួយដែលប្រើប្រាស់ទំនាក់ទំនងចិននិងរុស្ស៊ីជាលេសសធ្វើឲ្យខូចខាតដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។
ជាឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើបណ្ដាក្រុមហ៊ុនចិនជុំវិញការចោទប្រកាន់ថាពួកគេជួយដល់ម៉ាស៊ីនសង្គ្រាមដល់រុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បាននិយាយថា ប្រសិនបើទណ្ឌកម្មទាំងនេះចូលជាធរមាន ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា "ប្រទេសចិនប្រឆាំងនឹងសកម្មភាពទាំងឡាយណាដែលប្រើប្រាស់កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីជាលេសដើម្បីដាក់ទណ្ឌកម្មខុសច្បាប់ ឬយុត្តាធិការហួសដែនកំណត់ប្រឆាំងនឹងប្រទេសចិន" ។
សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យ (៧ ឧសភា)ថា សហភាពអឺរ៉ុបបានស្នើដាក់ទណ្ឌកម្មលើបណ្ដាក្រុមហ៊ុនចិនដែលត្រូវបានចោទប្រកាន់ពីបទលក់ឧបករណ៍ដែលអាចយកប្រើជាអាវុធដើម្បីគាំទ្រដល់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី។ របាយការណ៍នោះបានលើកឡើងដោយសំអាងដល់ច្បាប់ថតចម្លងនៃបញ្ជីទណ្ឌកម្មដែលមើលឃើញដោយសារព័ត៌មាន FT ថា ក្រុមហ៊ុនចិនចំនួនប្រាំពីរត្រូវបានចុះបញ្ជីនៅក្នុងកញ្ចប់ទណ្ឌកម្មថ្មីដែលនឹងត្រូវបានពិភាក្សាដោយបណ្ដារដ្ឋសមាជិកសហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ ។ គណៈកម្មការសហភាពអឺរ៉ុបមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕