ស៊ូងង់៖ ខណៈការប្រយុទ្ធគ្នា រវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បានកើនឡើងកាលពីខែមុន ជនភៀសខ្លួនស៊ូដង់ខាងត្បូងរាប់ពាន់នាក់ ត្រូវបានគេឃើញថាបានបង្ខំចិត្តត្រឡប់ទៅកាន់ប្រទេសកំណើតដែលរួបរឹតដោយជម្លោះ។

បរិវេណសាកលវិទ្យាល័យដែលទ្រុឌទ្រោមមួយកន្លែងកំពុងផ្តល់លំនៅដល់ជនភៀសខ្លួន ដែលមានស្នាមរន្ធគ្រាប់កាំភ្លើងដោយសារជម្លោះកាលពីពេលមុន ហើយប្រជាជនរបស់ខ្លួនបានសាងសង់ទីជម្រកជាមូលដ្ឋានពីកំណាត់ឈើ និងក្រណាត់។
ទីភ្នាក់ងារផ្តល់ជំនួយ រួមមានទាំងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) កំពុងផ្តល់ស្បៀងអាហារ ទឹក និងរបស់របរចាំបាច់ផ្សេងៗទៀតដល់ជនភៀសខ្លួន។
ចាប់តាំងពីការផ្ទុះឡើងអំពើហិង្សា នៅក្នុងប្រទេសស៊ូដង់ មនុស្សជាង៣ម៉ឺននាក់ បានឆ្លងកាត់ចូលទៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែល៩០ភាគរយក្នុងចំណោមអ្នកទាំងនេះជាប្រជាជនស៊ូដង់ខាងត្បូង។ អង្គការ UNHCR ជឿថាចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះច្រើន។
លំហូរជនភៀសខ្លួន បានធ្វើឲ្យវិបត្តិមនុស្សធម៌ដែលកំពុងបន្តរឹតតែធ្ងន់ធ្ងរ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ជាទីដែលមនុស្សជាង២លាននាក់បានភៀសខ្លួនចេញ ហើយ៣ភាគ៤នៃប្រជាជន ត្រូវការជំនួយ។ ដោយប្រទេសស៊ូដង់ខាងត្បូងស្ថិតក្នុងចំណោមប្រទេសជួបវិបត្តិខ្វះមូលនិធិច្រើនបំផុតរួចទៅហើយ អង្គការ UNHCR បានទទូចឲ្យសហគមន៍អន្តរជាតិ កុំបំភ្លេចប្រទេសដែលកំពុងតែតស៊ូក្នុងវិបត្តិមួយនេះ៕
