ភ្នំពេញ៖ ប្រជាពលរដ្ឋបានបង្ហាញការភ្ញាក់ផ្អើល និងមោទកភាពជាខ្លាំង លើអត្តពលិកកម្ពុជា ដែលបានខិតខំប្រឹងប្រែងសម្ដែង និងប្រកួតប្រភេទកីឡានានា ហើយទទួលបាននូវមេដាយជាច្រើន និងកំពុងស្ថិតនៅលើកំពួលតារាង សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។
ក្នុងពេលទៅចូលរួមទស្សនាគាំទ្រការប្រកួតកីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិអូឡាំពិក អ្នកគាំទ្រ លើកឡើងថា ពួកគេមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំងរួចម្ដងហើយ កាលពីថ្ងៃបើកព្រឹត្តិការណ៍ ស៊ីហ្គេម មិនស្មានថាកម្ពុជាយើង បានរៀបចំយ៉ាងអស្ចារ្យ ធ្វើឲ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេសមានការពេញចិត្តអបអរសាទរ និងប្រទេសជាច្រើននៅលើពិភពលោក ស្គាល់កាន់តែច្បាស់ពីកម្ពុជា ។
ពលរដ្ឋបានបន្តថា ពួកគេក៏កំពុងមានមោទកភាពជាខ្លាំងផងដែរ ចំពោះលទ្ធផលដែលកម្ពុជាកំពុងទទួលបានពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកីឡាករ កីឡាការិនីខ្មែរ ខិតខំដណ្ដើមបាននូវមេដាយជាច្រើន ពិសេសមេដាយមាសជាច្រើនគ្រឿង ។
ជាមួយនេះ អ្នកគាំទ្រទាំងអស់ បានជូនពរដល់អត្តពលិកកម្ពុជា បន្តនាំមកនូវមេដាយជូនប្រទេសជាតិបន្តទៀត ហើយទោះលទ្ធផលយ៉ាងណាក៏ដោយ ពួកគេនៅតែបន្តលើកទឹកចិត្ត និងគាំទ្រជានិច្ច ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ អត្តពលិកកម្ពុជា រកបានមេដាយសរុបប្រមាណ ១០០គ្រឿងហើយ ជូនប្រទេសជាតិ ខណៈចំនួននេះ គឺជាការរបំបែកកំណត់ត្រាមេដាយ ដែលកម្ពុជាទទួលបានកន្លងមក ហើយប្រភេទកីឡាជាច្រើនទៀត ក៏ត្រូវបានបំបែកកំណត់ត្រា និងទុកជាប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ ៕អត្ថបទ បាន សុខរិទ្ធិ
