ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា សម្ដេចមិនបានឆ្លងមេរោគកូវីដ-១៩នោះ ក្រោយពីពិនិត្យសំណាកក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃហើយនោះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃនេះ ជាថ្ងៃដែលសម្ដេចត្រូវចាកចេញពីការរក្សាខ្លួននៅដាច់ដោយឡែក ឬការធ្វើចត្តាឡីស័ក បន្ទាប់ពីវិលត្រឡប់មកពីកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសាកន្លងមកនេះ។
សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ថា៖ «ថ្ងៃនេះ ខ្ញុំបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យ និងបញ្ជាក់ថា ខ្ញុំពុំមានកូវីដ-១៩នោះទេ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឡើងវិញថា សម្ដេចត្រូវធ្វើតេស្តសំណាក ៤ដងនៅមុន និងក្រោយកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន ដែលត្រូវបានរៀបចំធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៕
