រុស្សីបានវាយប្រហារហ្វូងយានដ្រូនដ៏ធំបំផុតរបស់ខ្លួន អស់រយៈពេលជាច្រើនខែមកនេះប្រឆាំង នឹងប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ នៅមុខថ្ងៃឈប់សម្រាកទី៩ ខែឧសភារបស់ប្រទេសរុស្ស៊ី ដែលជាថ្ងៃអបអរដល់ការផ្តួលរលំលើពួកណាស៊ីអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៤៥ ដោយបានវាយប្រហារ រដ្ឋធានីគីវ និងទីក្រុងសមុទ្រខ្មៅ Odesa ហើយបានបាញ់ផ្លោងទៅលើទីក្រុងផ្សេងៗទៀត។

អភិបាលក្រុងគីវ បាននិយាយថា រុស្ស៊ីបានវាយប្រហារដោយដ្រូនអត្តឃាតផលិតដោយអ៊ីរ៉ង់ចំនួន៦០គ្រឿង ទៅលើគោលដៅរបស់អ៊ុយក្រែន រួមមានដ្រូន៣៦គ្រឿងវាយទៅលើទីក្រុងរបស់លោក ដែលដ្រូនទាំងនោះត្រូវបានបាញ់ទម្លាក់ទាំងអស់។ បំណែកផ្សេងៗបានធ្លាក់បុកចំផ្ទះអគារលំនៅឋាន និងអគារនានា ដោយបណ្ដាលឱ្យមនុស្សយ៉ាងតិច ៥នាក់រងរបួស។
ឃ្លាំងស្តុកអាហារមួយកន្លែង ត្រូវបានឆេះដោយមីស៊ីល ក្នុងទីក្រុង Odesa ជាទីដែលក្រុមមន្ត្រីបានរាយការណ៍ថា មនុស្ស៣នាក់ បានរងរបួស។ វាគឺជាវាយប្រហារដោយហ្វូងយានដ្រូនដ៏ធំបំផុតនៅក្នុងយុទ្ធនាការវាយប្រហារផ្លូវអាកាសជាថ្មីរបស់រុស្សី ដែលបានចាប់ផ្តើមកាលពី ១០ថ្ងៃមុន បន្ទាប់ពីមានការស្ងប់ស្ងាត់ តាំងពីដើមខែមីនាមក។
មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រារព្ធទិវាជ័យជម្នះនៅថ្ងៃទី៨ ខែឧសភាជាជាងថ្ងៃទី៩ ខែឧសភា ដោយបានផ្លាស់ប្តូរកាលបរិច្ឆេទនៃថ្ងៃឈប់សម្រាកនេះឱ្យត្រូវគ្នានឹងទម្លាប់របស់សម្ព័ន្ធមិត្តលោកខាងលិច។«សូមឱ្យជ័យជម្នះរបស់យើងលើអំពើអាក្រក់នាពេលបច្ចុប្បន្នរបស់ពួក Rashism គឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីជាការគោរពដល់ការចងចាំរបស់អ្នកដែលបានប្រយុទ្ធនឹងពួកណាស៊ី»។ នេះជាការលើកឡើងរបស់លោក Zelenskiy ក្នុងសុន្ទរកថាជាវីដេអូ កាលពីយប់ថ្ងៃចន្ទ ដោយប្រើប្រាស់ពាក្យពេចន៍ធម្មតាទូទៅ ក្នុងប្រទេសអ៊ុយក្រែន ដើម្បីនិយាយសម្ដៅដល់ពួកហ្វាស៊ីសនិយមរុស្ស៊ី។
រុស្ស៊ីបានវាយលុកលើប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយនិយាយថា ខ្លួនចង់កម្ទេចពួកណាស៊ីជិតខាងរបស់ខ្លួន ដើម្បីការពារប្រទេសរុស្ស៊ី។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានលើកឡើងថា សង្រ្គាមរបស់ទីក្រុងម៉ូស្គូនេះ គឺជាការច្បាមយកទឹកដីតាមបែបចក្រពត្តិនិយម៕