រដ្ឋបាលលោក Bidenនិងអាជ្ញាធររដ្ឋ Texas កំពុងបញ្ជូនកងកម្លាំងអនុវត្តន៍ច្បាប់ទៅកាន់ព្រំដែនអាមេរិក -ម៉ិកស៊ិក ដើម្បីត្រៀមទប់ការកើនឡើងណាមួយក្នុងការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់នៅពេលដែលវិធានការរឹតត្បិតការឆ្លងរាលដាលវីរុស COVID-19 ត្រូវគេស្គាល់ថា ជាមាត្រា៤២ នឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

ប្រភពមួយចំនួន បាននិយាយថា ភ្នាក់ងារជំនាញស៊ើបអង្កេតនិងកងទ័ពអាកាសរាប់រយនាក់ មកពីក្រសួងសន្តិសុខមាតុភូមិអាមេរិក កំពុងត្រូវបានដកចេញពីតួនាទីប្រចាំថ្ងៃដើម្បីជួយគ្រប់គ្រងព្រំដែន ។
លោក Greg Abbott អភិបាលរដ្ឋ Texas បាននិយាយថា ស្របពេលជាមួយគ្នានេះ រដ្ឋនេះ បានបញ្ជូនអង្គភាពឆ្មាំជាតិដែលត្រូវបានបណ្ដុះបណ្ដាលជាពិសេសកាលពីថ្ងៃចន្ទទៅកាន់គោលដៅដែលជាចំណុចក្ដៅ ជាទីដែលក្រុមជនអន្តោប្របេសន៍ព្យាយាមចូលទៅសហរដ្ឋអាមេរិកដោយខុសច្បាប់។

វិធានការណ៍ទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ពីសំណាក់លោកប្រធានាធិបតី Joe Biden រួមទាំងក្រុមមន្ត្រីរបស់រដ្ឋ និងថ្នាក់តំបន់ ដើម្បីត្រៀមសម្រាប់ការបញ្ចប់បទបញ្ជាមាត្រាទី៤២ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
បទបញ្ជាដែលបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០២០មក នឹងអនុញ្ញាតឲ្យក្រុមមន្ត្រីសហរដ្ឋអាមេរិក បញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅកាន់ប្រទេសម៉ិកស៊ិកវិញភ្លាមៗ ដោយគ្មានឱកាសស្វែងរកសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកបានឡើយ៕