ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបានបង្ហោះជាសាធារណៈថា ទីតាំង យីហោ«កាសា» មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុង ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដូនពេញបានចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំឃើញមានដូចការចុះផ្សាយនោះឡើយ។
សូមជម្រាប់ជូនថា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំងយីហោ កាសា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើស និងល្បែងស៊ីសងឡើយ ឃើញមានតែ ឆ្នោតឡូតូ តូចធំ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។
ការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ








