ឧត្តរមានជ័យ៖ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអាវភ្លៀង និងសម្ភារៈ មួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធប្រចាំទី៣ ចំណុះឱ្យយោធភូមិភាគទី៤ ស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី៨ ខែឧសភា ម្សិលមិញនេះ ។
ក្នុងឱកាសនេះដែរឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេចតេជោ ហ៊ុន សែន បាននាំយកនូវការសួរសុខទុក្ខ និងក្តីនឹករឭកពីសម្តេចទាំងទ្វេ ព្រមទាំងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលជានិច្ចជាកាលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញ តួរនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ កងកម្លាំង ទាំងអស់តែងតែចុះជួយអន្តរាគមន៍សង្រ្កោះរាល់បញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុងតំបន់របស់ខ្លួន ពិសេសនោះជួយដល់ប្រជាពលរដ្ឋែលរងគ្រោះបានគ្រប់ពេលវេលាទាំងផ្នែកសន្តិសុខសុវត្ថិភាព សង្គម។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា បើទោះបីជាពេលវេលានេះកម្ពុជាកំពុងតែមានភាពសំបូរសប្បាយជាមួយការនិងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមយ៉ាងណាក្ដី ក៏សម្តេចទាំងទ្វេមិនដែលភ្លេចចំពោះបងប្អូនកងកម្លាំងដែលឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែននោះឡើយ។
ឯកឧត្តម បានបន្ថែមទៀតថា ក្នុងកាលៈទេសៈពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងលើកទឹកចិត្តដល់ក្រុមកីឡាករតំណាងព្រះរាជាណាចក្រកម្ពុជា ក៏ពិតមែន ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលនូវតែបន្តយកចិត្តទុកដាក់គិតគូរខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធជួរមុខគ្រប់រូបដែលបាននិងកំពុងបំពេញភារកិច្ចប្រចាំ ការងារស្នូលនៅតាមភូមិសាស្រ្តរបស់កងកម្លាំងទាំងអស់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុត ជាពិសេសកងកម្លាំងដែលឈរជើងតាមខ្សែរបន្ទាត់ព្រំដែន។
ក្នុងនោះដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានប្រគល់ជូននូវ អាវភ្លៀង អង្ករនិងថវិកាមួយចំនួនដល់អង្គភាពនីមួយៗផងដែរ៕








