សារព័ត៌មាន Financial Times បានរាយការណ៍ដោយសំអាប្រភពមួយចំនួនថា លោកនាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan និងលោកប្រធានាធិបតី អាហ្ស៊ែបៃហ្សង់ Ilham Aliyev នឹងជួបពិភាក្សាគ្នានៅក្នុងទីក្រុងព្រុចសែល( Brussels) នៅថ្ងៃអាទិត្យទី១៤ខែឧសភា ។យោងតាមប្រភពខាងលើ កិច្ចប្រជុំនេះនឹងត្រូវប្រព្រឹត្តទៅដោយមានជំនួយពីប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel។ប្រភពមួយបាននិយាយថា ជំនួបនៅក្នុងទីក្រុងពុ្រចសែល នឹងក្លាយជាសញ្ញារីកចម្រើនដ៏សំខាន់មួយ ។

យោងតាមសារព័ត៌មាន Financial Times លោក Aliyev លោក Pashinyan និងលោក Michel ក៏មានបំណងជួបអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីបារាំងលោក Emmanuel Macronផងដែរ នៅក្រៅវេទិកានៃកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១មិថុនា ប្រទេសម៉ុលដូវ៉ា ។

ក្រុមតំណាងរសប់លោកប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបដិសេធមិនផ្ដល់សេចក្ដីអត្ថាធិប្បាយនោះទេ ។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអាមេនី ក៏ពុំបានផ្ដល់ការអត្ថាធិប្បាយដែរទាក់ទងនឹងព័ត៌មាននេះ។
ភាពតានតឹងរវាងប្រទេសអាមេនី និងអាហ្ស៊ែបៃហ្សង់ បានកើនឡើងខ្លាំង បន្ទាប់ពីអាហ្ស៊ែបៃហ្សង់ដំឡើងប៉ុស្តិ៍ត្រួតពិនិត្យមួយនៅព្រំដែនរវាងប្រទេសទាំង២ក្នុងច្រករបៀង Lachin កាលពីខែមេសា៕