ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយកាលពីថ្ងៃចន្ទថា ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកមានសារៈសំខាន់យ៉ាងខ្លាំង មិនត្រឹមតែសម្រាប់ប្រទេសទាំង២ប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ពិភពលោកផងដែរ។

លោក បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសចិន លោក Nicholas Burns នាទីក្រុងប៉េកាំង។
ដោយធ្វើការកត់សម្គាល់លើស្របមតិគ្នាជាឯកច្ឆ័ន្ទរវាងមេដឹកនាំកំពូលរបស់ចិន និងអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុន លោក Qin បានថ្លែងថា សន្ទុះអភិវឌ្ឍន៍ជាវិជ្ជមានដែលកើតឡើងពីការប្រឹងប្រែងដ៏លំបាក រវាងភាគីទាំង២ ត្រូវបានបំផ្លាញដោយពាក្យសម្ដី និងទង្វើខុសឆ្គងរបស់អាមេរិក។

លោក Qin បាននិយាយថា ខណៈរបៀបវារៈនៃកិច្ចចរចានិងកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា ត្រូវបានរំខាន វាជាការចាំបាច់ណាស់ ក្នុងការធ្វើឱ្យមានស្ថិរភាពដល់ទំនាក់ទំនងចិន-អាមេរិក និងបញ្ចៀសនូវស្ថានការណ៍ដែលកាន់តែអាក្រក់ទៅ និងទប់ស្កាត់កុំឲ្យកើតមានហេតុការណ៍អាក្រក់នានា រវាងប្រទេសទាំង២។
ដោយបង្ហាញពីគោលការណ៍នៃ «ការគោរពគ្នាទៅវិញទៅមក សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ» លោក Qin បានចង្អុលបង្ហាញថា ប្រទេសចិនសង្ឃឹមថា ភាគីអាមេរិកនឹងធ្វើដំណើរក្នុងទិសដៅតែមួយជាមួយប្រទេសចិន ដើម្បីរុញឱ្យទំនាក់ទំនងចិន-អាមេរិកចេញពីស្ថានភាពដ៏លំបាក ហើយត្រឡប់ទៅលើមាគ៌ាត្រឹមត្រូវវិញ។
លោក បាននិយាយថា ភាគីអាមេរិកគួរតែកែតម្រូវទស្សនៈរបស់ខ្លួន ចំពោះប្រទេសចិន វិលទៅរកភាពត្រឹមត្រូវសមហេតុផលវិញ និងសម្រេចឱ្យបានជោគជ័យទៅវិញទៅមក ក្នុងការអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងនៃប្រទេសនីមួយៗ ដោយបន្ថែមថា សហរដ្ឋអាមេរិកមិនគួរនិយាយពីការទំនាក់ទំនងនៅផ្នែកម្ខាង ខណៈបន្តសង្កត់សង្កិន និងទប់ស្កាត់ចិន នៅផ្នែកម្ខាងទៀតនោះទេ។
ដោយធ្វើការកត់សំគាល់ថា អាមេរិកត្រូវតែគោរពដែនកំណត់របស់ចិន បញ្ឈប់សកម្មភាពធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន លោក Qin បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិកគួរតែដោះស្រាយបញ្ហាតៃវ៉ាន់ឱ្យបានត្រឹមត្រូវ ហើយឈប់«បំពានគោលការណ៍ចិនតែ១»៕