
សីតុណ្ហភាពខ្ពស់បំផុតបានគ្រប់ដណ្តប់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលដែលអាកាសធាតុក្តៅក្នុងតំបន់ក្រោមរលកកម្តៅរយៈពេលច្រើនសប្តាហ៍ បានបង្កការលំបាកខ្លាំងដល់ប្រជាពលរដ្ឋរាប់លាននាក់។
សីតុណ្ហភាព បានឡើងខ្ពស់បំផុតពុំធ្លាប់ដែលមានកាលពីមុន នៅប្រទេសវៀតណាម ប្រទេសឡាវ និងរដ្ឋធានីបាងកក ប្រទេសថៃ ជាកន្លែងដែលកម្តៅរួមផ្សំនឹងរដូវកើតមានធូលីខ្លាំង ធ្វើឲ្យកម្រិតបំពុលបរិយាកាសហក់ឡើងខ្ពស់ ។
ក្រុមអ្នកវិទ្យាសាស្រ្ត បានព្រមានជាយូរមកហើយថា រលកកម្តៅនឹងកាន់តែធ្ងន់ធ្ងរទៅ ស្របពេលដែលផលប៉ះពាល់លើវិបត្តិអាកាសធាតុបង្កឡើងដោយសារមនុស្ស កើនឡើងនោះ។
យោងតាមការអះអាងរបស់លោក Maximiliano Herrera ដែលជាប្រវត្តិវិទូអាកាសធាតុ បានឲ្យដឹងថា សីតុណ្ហភាពបានឡើងដល់ ៤៤,២អង្សាសេ នៅស្រុកភាគខាងជើង Tuong Duong ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ដែលជាសីតុណ្ហភាពខ្ពស់បំផុតពុំធ្លាប់ដែលមាន កាលពីមុននៅក្នុងប្រទេសមួយនេះ ។
លោក Herrera និយាយថា ដោយឡែក នៅក្នុងប្រទេសជិតខាងឡាវ សីតុណ្ហភាពបានឡើងដល់ ៤៣,៥អង្សាសេ នៅក្នុងទីក្រុង Luang Prabang កាលពីថ្ងៃសៅរ៍ ពោលគឺបានបំបែកកំណត់ត្រាជាតិ ៤២,៧អង្សាសេ ដែលបានបង្កើតកាលពីខែមុន។
រដ្ឋធានីវៀងចាន់ ប្រទេសឡាវ បានបំបែកកំណត់ត្រាអាកាសធាតុក្តៅបំផុតផងដែរកាលពីថ្ងៃសៅរ៍ ពេលដែលសីតុណ្ហភាពឡើងដល់៤២,៥អង្សាសេ។
ខណៈពេលនោះដែរ សីតុណ្ហភាព បានឡើងខ្ពស់បំផុតពុំធ្លាប់ដែលមានផងដែរ ៤១អង្សាសេ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ៕