ខេត្ត Alberta បានស្នើសុំជំនួយោធាពីរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសកាណាដា ខណៈខេត្តនេះ ប្រយុទ្ធប្រឆាំងភ្លើងឆេះព្រៃដែលពុំធ្លាប់មានពីមុនមក។ គិតត្រឹមរសៀលថ្ងៃចន្ទ ភ្លើងឆេះព្រៃ៩៤កន្លែងកំពុងឆេះនៅទូទាំងខេត្ត Alberta រួមទាំង២៧កន្លែងត្រូវបានគេគិតថាហួសពីការគ្រប់គ្រង។ ពលរដ្ឋជាង ២៩.០០០ នាក់ ត្រូវបានស្នើឲ្យជម្លៀសខ្លួនពីលំនៅឋានរបស់ពួកគេ ហើយខេត្តនេះ ត្រូវបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នកាលពីចុងសប្តាហ៍ ដោយសារតែចំហេះព្រៃនេះ។

កាលពីថ្ងៃចន្ទប្រមុខរដ្ឋាភិបាលនៃខេត្ត Alberta លោកស្រី Danielle Smith បាននិយាយថា លោកស្រីបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីលោក Justin Trudeau និងបានស្នើសុំជំនួយបន្ថែម រួមទាំងការគាំទ្រពីផ្នែកយោធាពីរដ្ឋាភិបាលសហព័ន្ធ។

លោកស្រី Smith បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា នាយករដ្ឋមន្ត្រី លោក Trudeau បានបញ្ជាក់ថាយោធានឹងត្រូវបញ្ចូនដើម្បីជួយប្រសិនបើក្នុងករណីចាំបាច់។
លោកស្រី និយាយបន្ថែមថា នេះគឺជាពេលវេលាដ៏ប្រឈមខ្លាំង សម្រាប់ខេត្តរបស់លោកស្រី ខណៈក្រុមអ្នកពន្លត់អគ្គិភ័យ ប្រយុទ្ធទប់ស្កាត់អណ្តាភ្លើង ខណៈពលរដ្ឋនិងអ្នកជំងឺនៅមន្ទីរពេទ្យ កំពុងត្រូវបានជម្លៀសពីតំបន់រងផលប៉ះពាល់។
លោកស្រីនិយាយថា មនុស្សរាប់ម៉ឺននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋាន និងកាងាររបស់ពួកគេដោយទុកចោលនូវអ្វីៗដែលជារបស់ផ្ទាល់ខ្លួន ដោយមានមន្ទិលសង្ស័យថាតើ ពួកគេនឹងបាត់បង់អ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើការជាយូរមកហើយនោះឬយ៉ាងណា។
លោកស្រី Smith និយយាថា ខេត្តរបស់លោកស្រី នឹងផ្តល់ជំនួយហិរញ្ញវត្ថុបន្ទាន់ចំនួន៩៣៤ដុល្លារអាមេរិក សម្រាប់មនុស្សពេញវ័យណាមួយ ដែលត្រូវបានបង្ខំឲ្យជម្លៀសខ្លួនសម្រាប់រយៈពេលច្រើនជាង៧ថ្ងៃ។
ក្រុមអ្នកពន្លត់អគ្គិភ័យ មកពីខេត្តផ្សេងៗ រួមមាន ខេត្តកេបិច និងអង់តារីញ៉ូ បានធ្វើដំណើរដោយយន្តហោះទៅកាន់ខេត្ត Alberta ដើម្បីជួយប្រយុទ្ធនឹងអណ្តាតភ្លើងឆេះព្រៃនេះ៕