
កាលពីថ្ងៃចន្ទ (៨ ឧសភា ២០២៣) ប្រទេសកាណាដា បានបណ្តេញអ្នកការទូតចិនដែលមានមូលដ្ឋាននៅទីក្រុងតូរ៉ុនតូ លោក Zhao Wei បន្ទាប់ពីរបាយការណ៍ចារកម្មសម្ងាត់មួយ បានចោទប្រកាន់លោកថាបានដាក់គោលដៅលើសមាជិកសភាកាណាដាដែលរិះគន់ទង្វើរបស់ចិនចំពោះជនជាតិភាគតិចមូស្លីម Yyghur របស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយកាលពីថ្ងៃចន្ទថា "យើងនឹងមិនអត់ឱនចំពោះការជ្រៀតជ្រែកពីបរទេសក្នុងទម្រង់ណាមួយឡើយ" ។
ស្ថានទូតចិននៅទីក្រុងអូតាវ៉ា បាននិយាយថា ខ្លួនបានថ្កោលទោសចំពោះការបណ្តេញចេញនេះ ហើយថាខ្លួនបានតវ៉ាទៅរដ្ឋាភិបាលជាផ្លូវការចំពោះចំណាត់ការនេះ ។ អ្នកនាំពាក្យរបស់ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា "ប្រទេសចិននឹងចាត់វិធានការតបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងចំណាត់ការនេះ" ។
ទីភ្នាក់ងារចារកម្មសម្ងាត់របស់កាណាដា (CSIS) បានសរសេររបាយការណ៍មួយកាលពីឆ្នាំ ២០២១ អំពីឥទ្ធិពលរបស់ចិននៅក្នុងប្រទេសកាណាដា ដែលរួមបញ្ចូលព័ត៌មានអំពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរដែលអាចកើតមានចំពោះសមាជិកសភាអភិរក្សនិយមលោក Michael Chong និងក្រុមគ្រួសាររបស់លោក។
ភាពតានតឹងផ្នែកការទូតរវាងកាណាដា និងចិនបាននិងកំពុងកើនឡើងខ្លាំងចាប់តាំងពីការឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោកស្រី Meng Wanzhou កាលពីឆ្នាំ ២០១៨ និងការចាប់ខ្លួននាពេលក្រោយមករបស់ទីក្រុងប៉េកាំងលើជនជាតិកាណាដាពីរនាក់ពីបទចារកម្ម ៕