
នៅថ្ងៃអង្គារ (៩ ឧសភា) នេះ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បាននិយាយថា លោកនឹងដាក់ចេញនូវភាពចាំបាច់ដើម្បីការពារអ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ី នៅពេលរូបលោកជំនួបជាមួយប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលបានរិះគន់ចំពោះពីការផ្គត់ផ្គង់ឲ្យប្រជាជនអ៊ុយក្រែន។
លោក Rutte បាននិយាយថារូបលោកនឹងពន្យល់ដល់លោក Lula ពីមូលហេតុដែលថាការគាំទ្រអ៊ុយក្រែនគឺ "ការស្រោចស្រង់រដ្ឋ" សម្រាប់ហូឡង់ អឺរ៉ុប និងលើសពីនេះទៅទៀត ដោយសារតែការវាយលុករបស់រុស្ស៊ីបានធ្វើឱ្យគុណតម្លៃរបស់លោកខាងលិចស្ថិតក្នុងបញ្ហាប្រឈម។
លោក Lula ដែលបានព្យាយាមលើកទឹកចិត្តបណ្ដាប្រទេសដែលមិនជាប់ពាក់ព័ន្ធក្នុងជម្លោះនេះ ឲ្យបង្កើតជាក្រុមមួយដើម្បីជំរុញឱ្យមានកិច្ចចរចាសន្តិភាពនោះ បាននិយាយរួចហើយថា ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនគឺជាការលើកទឹកចិត្តដល់ការធ្វើសង្រ្គាម។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចោទប្រកាន់លោកពីបទជួយដល់ការឃោសនារបស់រុស្ស៊ី និងចិន។
រដ្ឋាភិបាលហូឡង់កំពុងពិចារណាជាមួយដៃគូអឺរ៉ុបរបស់ខ្លួនក្នុងការបរិច្ចាគយន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន។ ប៉ុន្តែលោក Rutte បាននិយាយថា ដំបូងត្រូវមានកិច្ចព្រមព្រៀងជាចាំបាច់រវាងដៃគូទាំងអស់ ដូចដែលពួកគេបានធ្វើកាលពេលពីមុន នៅមុនពេលផ្គត់ផ្គង់កាំភ្លើងធំ Panzer និងរថក្រោះធុនធ្ងន់ Leopard ដល់អ៊ុយក្រែន។
លោក Rutte កំពុងបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ អមដោយគណៈប្រតិភូធុរកិច្ចសម្រាប់កិច្ចពិភាក្សាដែលផ្តោតលើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការកសិកម្មប្រកបដោយចីរភាព ព្រមទាំងការផ្លាស់ប្តូរប្រើប្រាស់ថាមពល ជាពិសេសឧស្ម័នអ៊ីដ្រូសែន៕