ភ្នំពេញ ៖ មនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី៦ ឧសភានេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល សម្រាប់ដូសទី២ ដែលទទួលអាជ្ញាបណ្ណផលិតពីក្រុមហ៊ុន AstraZeneca ជូនឥស្សរជន និងប្រជាពលរដ្ឋ។
លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានបច្ចេកទេសមនី្ទរពេទ្យព្រះអង្គឌួង និងជាប្រធានក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ បានឲ្យដឹងថា សម្រាប់ថ្ងៃទី៦ ឧសភានេះ ជាថ្ងៃដែលរាជរដ្ឋាភិបាល បានបើកការបិទខ្ទប់ មនី្ទរពេទ្យព្រះអង្គឌួង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ប្រភេទកូវីសែល សម្រាប់ឥស្សរជន និងប្រជាពលរដ្ឋ។ ដោយឡែកការចាក់វ៉ាក់សាំងកូវីសែល សម្រាប់ដូសទី១ កន្លងមកនេះ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងជូនបានចំនួនជាង៤០០០នាក់។ ហើយសម្រាប់ដូសទី២នេះ មនី្ទរពេទ្យបានរក្សាវ៉ាក់សាំងទុកសម្រាប់ចាក់ជូនគាត់ គឺមិនឲ្យមានការខ្វះខាតនោះទេ។
ជាមួយគ្នានោះដែរ ឥស្សរជន និងប្រជាពលរដ្ឋ មានអាយុចាប់ពី៦០ឆ្នាំឡើងទៅ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ កូវីសែល នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង បាននិយាយស្រដៀងគ្នាថា គាត់ទាំងអស់គ្នានេះ បានមកចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២នេះ ដើម្បីការពារជំងឺដ៏កាចសាហាវនេះ ចំពោះរូបគាត់ផ្ទាល់ ក្រុមគ្រួសារ ប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ ដឹងគុណរាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យជួរទាំងអស់ ដែលបានខិតខំបម្រើ និងថែទាំព្យាបាលបងប្អូនប្រជាពលរដ្ឋ។
បើតាមលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងថា ក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនឥស្សរជន និងប្រជាពលរដ្ឋ គឺនៅក្នុងមនី្ទរពេទ្យតែងតែរក្សាតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ដោយអនុវត្ត៣ការពារ និង៣កុំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ កុំទទួលយកការឆ្លងកូវីដ១៩ ពីកន្លែងចាក់វ៉ាក់សាំងកូវីដ១៩។ សង្ឃឹមថា ក្រោយបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស គ្រប់ចំនួនជាង១០លាននាក់ នឹងធ្វើឲ្យប្រទេសកម្ពុជា ឈប់ឆ្លង និងរីករាលដាលមេរោគកូវីដ១៩ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅមានសេចកី្តសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា ដំណើរការល្អឡើងវិញ៕
អត្ថបទ រដ្ឋា





