
យ៉ាងហោចណាស់ជនប៉ាឡេស្ទីន ១២នាក់ រួមទាំងមេបញ្ជាការ៣នាក់របស់ក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាម ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
មន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា ស្ត្រី ៣នាក់ និងកុមារ៣នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈមនុស្ស២០នាក់ផ្សេងទៀតរងរបួស។ អ៊ីស្រាអែលនិយាយថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការមួយ ដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធ ដែលបង្កការគំរាមកំហែងខ្ពស់ដល់ពលរដ្ឋរបស់ខ្លួន។
ក្រុមជីហាតអ៊ីស្លាម បានសន្យាសងសឹក ហើយក្រុមសកម្មប្រយុទ្ធមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ត្រូវបានគេរំពឹងថា នឹងឆ្លើយតបដោយការបាញ់គ្រាប់រ៉ុក្កែតចូលទៅកាន់ប្រទេសអ៊ីស្រាអែល។
ក្រុមអ្នកឆ្លើយឆ្លងព័ត៌មាន និយាយថា កក្តាសំខាន់មួយនឹងជាការពង្រីកដល់ក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាមកចូលរួម។ មន្ត្រីអ៊ីស្រាអែល ត្រូវបានគេនិយាយថា នឹងត្រៀមទប់ទល់សម្រាប់ការវាយប្រហាររយៈពេលច្រើនថ្ងៃ។ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់អ៊ីស្រាអែល៤០គ្រឿង បានវាយប្រហារនៅក្នុងរលកនៃការវាយប្រហារតាមអាកាសនៅពេលព្រឹកព្រហាមជាបន្តបន្ទាប់នៅទូទាំងតំបន់ហ្គាហ្សា ដោយស្រោចទៅលើលំនៅឋាននានា និងបណ្តាលឲ្យប្រជាជនមានការភ័យស្លន់ស្លោ។
យោធាអ៊ីស្រាអែល និយាយថា បន្ថែមលើការដាក់គោលដៅលើសកម្មប្រយុទ្ធ៣នាក់ យន្តហោះរបស់ខ្លួន បានវាយប្រហារលើទីតាំងចំនួន១០កន្លែង ដែលត្រូវបានប្រើប្រាស់ដើម្បីផលិតអាវុធ និងទីតាំងយោធាក្រុមជីហាតអ៊ីស្លាមចំនួន ៦កន្លែង៕
