ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានបើកកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិក-សមាជិកា គណៈកម្មការអន្ដរក្រសួងជាច្រើន។
ក្នុងពិធីនោះ ឯកឧត្តម រដ្ឋលេខាធិការបានរម្លឹកដោយសង្ខេបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារថ្មីរបស់គណៈកម្មការអន្ដរក្រសួង ដែលសម្រេចបានជាច្រើនក្នុងការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេ និងព្រែកនេះផងដែរ។ ឯកឧត្តមបានឱ្យដឹងទៀតថា ផ្អែកតាមសំណើរបស់ក្រសួងមហាផ្ទៃ, រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មការអន្ដរក្រសួងជួបប្រជុំជាមួយភាគីវៀតណាម ដើម្បីពិភាក្សា និងដោះស្រា យបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី និងបញ្ហាប្រឈមមួយចំនួនទៀត រវាងកម្ពុជា-វៀតណាម នៅពេលវេលាសមស្របណាមួយ។
លោក សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ទទួលបន្ទុកជាប្រធាននា យកដ្ឋានកិច្ចការរដ្ឋបាល រាជធានី ខណ្ឌ និងខេត្ត បានបញ្ជាក់ជូនអង្គប្រជុំអំពីស្មារតី នៃកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជា-វៀតណាម ដែលប្រព្រឹ ត្តឡើងនាពេលកន្លងទៅនេះ ហើយភាគីទាំងពីរបានឯកភាពគ្នាដើម្បីជំរុញឱ្យក្រុមការងារថ្នាក់ជាតិនៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីចាត់វិធានការទប់ស្កាត់កុំឱ្យមានការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី បន្ថែមទៀត ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យ និងបូរណ ភាពទឹកដីរបស់ប្រទេសនីមួយៗ។
ក្នុងពិធីនោះដែរ តំណាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន និងតំណាងក្រសួងធនធានទឹក និងឧតុនិយម បានធ្វើបទបង្ហាញបច្ចេកទេសអំពីមូលហេតុដែលនាំឱ្យមានការបាក់ច្រាំងទន្លេ និងព្រែក ព្រមទាំងបញ្ជាក់អំពីទិន្នន័យច្រាំងទន្លេ និងព្រែកដែលបានបាក់ចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ន៕ ដោយ៖ គង់ ឌិន

