
នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Auckland ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនូវែលហ្សេឡង់ បានមើលឃើញទឹកជំនន់ដ៏គំហុក និងបំណាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងព្យុះភ្លៀង វាយប្រហារកោះខាងជើងរបស់ប្រទេសមួយនេះ។
សាលារៀនត្រូវបានជម្លៀសមនុស្សចេញ ផ្លូវថ្នល់ និងសួនកម្សាន្ត រងការជន់លិចដោយសារទឹកជំនន់ ហើយប្រជាពលរដ្ឋ ត្រូវបានគេជូនដំណឹងប្រាប់ឲ្យត្រៀមខ្លួនចាកចេញពីលំនៅឋានរបស់ពួកគេ ស្របពេលច្បាប់គ្រាអាសន្នក្នុងស្រុក ត្រូវបានប្រកាសហើយមជ្ឈមណ្ឌលជម្លៀសខ្លួនបានបង្កើតឡើង។
ក្រុមនគរបាលនិយាយថា សិស្សសាលាវិទ្យាល័យម្នាក់ បានបាត់ខ្លួននៅលើកោះខាងជើង ក្រោយដំណើរសិក្សាទៅកាន់រូងភ្នំ អំឡុងពេលជួបព្យុះ។
ភ្លៀងធ្លាក់ខ្លាំង និងព្យុះភ្លៀង ត្រូវបានគេព្យាករណ៍ថានឹងកើតមាននៅទូទាំងតំបន់រហូតដល់ល្ងាចថ្ងៃអង្គារ និងអាចបន្តរហូតដល់យប់ពាក់កណ្តាលអាធ្រាត្រ។
គួរឲ្យដឹងថា ទីក្រុង Auckland បានឆ្លងកាត់ទឹកជំនន់ធ្ងន់ធ្ងររួចទៅហើយកាលពីខែមករាដែលបានសម្លាប់មនុស្ស៤នាក់ ហើយបន្ទាប់មកនៅខែកុម្ភៈ ពេលដែលព្យុះស៊ីក្លូន Gabrielle បង្កផលប៉ះពាល់ទ្រង់ទ្រាយធំនៅទូទាំងកោះខាងជើងនេះ និងបណ្តាលឲ្យមនុស្សយ៉ាងហោច ១១នាក់ បាត់បង់ជីវិត៕
