ខណៈការរឹតបន្តឹងសម័យ-COVID ហៀបនឹងបញ្ចប់ ភ្នាក់ងារព្រំដែនរបស់សហរដ្ឋអាមេរិកនៅក្រុង El Paso រដ្ឋតិចសាស់ កាលពីថ្ងៃអង្គារ បានជំរុញឲ្យជនអន្តោប្រវេសន៍រាប់រយនាក់ ដែលប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុង សហការជាមួយអាជ្ញាធរ ខណៈដែលការឆ្លងដែនខុសច្បាប់ បានកើនឡើងនៅមុនពេលបញ្ចប់នៃវិធានការរឹតបន្តឹងទប់ស្កាត់វីរុស COVID-19 តាមព្រំដែន ដែលគេស្គាល់ថា មាត្រាទី 42 (Title 42) នៅចុងសប្តាហ៍នេះ។

ក្នុងពេលជាមួយគ្នានេះ ជនអន្តោប្រវេសន៍កំពុងប្រមូលផ្តុំគ្នានៅចំណុចផ្សេងៗ នៅខាងប្រទេសម៉ិចស៊ិកនៃព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដោយសង្ឃឹមនឹងបានធ្វើឆ្លងកាត់ព្រំឆ្លងដែន នៅពេលគោលនយោបាយព្រំដែន មានការកែប្រែ នៅមុនពេលពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ខែឧសភា។

សកម្មជនសិទ្ធិជនអន្តោប្រវេសន៍ លោកស្រី Gladys Canas បាននិយាយថា ក្នុងទីក្រុង Matamoros របស់ប្រទេសម៉ិកស៊ិក ពួកជនអន្តោប្រវេសន៍ បានទិញទូកពោងបណ្ដែតទឹក និងអាវពោងសុវត្ថិភាព ដើម្បីត្រៀមខ្លួនធ្វើដំណើរឆ្លងទន្លេ Rio Grande ចូលទៅកាន់ក្រុង Brownsville រដ្ឋតិចសាស់។
ដោយឡែកនៅក្នុងទីក្រុង Tijuana នៅទល់មុខនឹងទីក្រុង San Diego រដ្ឋ California ជនអន្តោប្រវេសន៍ បានឈរជាជួរយ៉ាងវែងនៅពីមុខរបងព្រំដែនដ៏ខ្ពស់ កាលពីថ្ងៃចន្ទ ក្នុងគោលបំណងប្រគល់ខ្លួនឲ្យភ្នាក់ងារព្រំដែនរបស់សហរដ្ឋអាមេរិក។
ស្ថានភាពនេះ កើតឡើងនៅពេលដែលវិធានការរឹតត្បិតមាត្រាទី 42 ហៀបនឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍។ គោលនយោបាយ ដែលបានអនុវត្តនៅក្នុងខែមីនា ឆ្នាំ២០២០ នៅពេលចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19 បានអនុញ្ញាតឲ្យអាជ្ញាធរអាមេរិក ចាប់បញ្ជូនជនអន្តោប្រវេសន៍រាប់សែននាក់ទៅកាន់ម៉ិកស៊ិកវិញ ដោយមិនមានឱកាសស្វែងរកសិទ្ធិជ្រកកោននៅអាមេរិកឡើយ។
រដ្ឋបាលខាងគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Joe Biden កំពុងអនុញ្ញាតឲ្យផ្អាកវិធានការនេះ ដោយសារគ្រាអាសន្នផ្នែកសុខភាពសាធារណៈដ៏ទូលំទូលាយនៃវីរុស COVID-19 ត្រូវបិទបញ្ចប់។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការឆ្លងកាត់ព្រំដែនខុសច្បាប់បានកើនឡើង ហើយជនអន្តោប្រវេសន៍កាន់តែច្រើនកំពុងចូលមកដោយសង្ឃឹមថា ឥឡូវនេះពួកគេនឹងត្រូវបានអនុញ្ញាតឲ្យដាក់ពាក្យសុំសិទ្ធិជ្រកកោននៅអាមេរិក បន្ទាប់ពីច្បាប់សុខភាពមាត្រាទី 42 ត្រូវបញ្ចប់ ដោយបានធ្វើឲ្យក្រុងជាប់ព្រំដែនរបស់អាមេរិកជួបការលំបាកក្នុងការផ្តល់ជម្រកស្នាក់នៅ និងដឹកជញ្ជូនមនុស្សរាប់ពាន់នាក់ ដែលចូលមកដល់ជារៀងរាល់ថ្ងៃ៕