អ្នកទេសចរ២នាក់ សន្តិសុខម្នាក់ និងខ្មាន់វាយប្រហារម្នាក់បានស្លាប់ នៅជិតវិហារសាសនាមួយកន្លែងនៅលើកោះជេបា (Djerba island) របស់ប្រទេសទុយនេស៊ី ដែលបានទាក់ទាញជនជាតិជ្វីសរាប់រយនាក់មកពីតំបន់អឺរ៉ុប និងអ៊ីស្រាអែល អំឡុងធម្មយាត្រាប្រចាំឆ្នាំរៀងរាល់ឆ្នាំ។

កោះជេបា ជាគោលដៅទេសចរណ៍វិស្សមកាលស្ថិតនៅក្បែរឆ្នេរភាគខាងត្បូងរបស់ប្រទេសទុយនេស៊ី ចម្ងាយ៥០០ គីឡូម៉ែត្រ ពីរដ្ឋធានីទុយនីស(Tunis) គឺជាទីតាំងរបស់វិហារសាសនាជ្វីសដ៏ចំណាស់បំផុតរបស់អាហ្វ្រិក ហើយការធ្វើធម្មយាត្រាប្រចាំឆ្នាំបានរឹតបន្តឹងសន្តិសុខយ៉ាងគត់មុត ចាប់តាំងពីក្រុមភេរវករអាល់កេដា បានវាយប្រហារទីតាំងសាសនានេះ កាលពីឆ្នាំ២០០២ ដោយការបំផ្ទុះរថយន្ត សម្លាប់អ្នកទេសចរលោកខាងលិចចំនួន២១នាក់។
ក្រសួងមហារផ្ទៃបាននិយាយនៅក្នុងសេចក្ដី ថ្លែងការណ៍មួយថា ការវាយប្រហារកាលពីថ្ងៃអង្គារ ត្រូវបានធ្វើឡើងដោយឆ្មាំសន្តិសុខម្នាក់ដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលឆ្មាំជាតិរបស់ទុយនេស៊ី នៅក្នុងទីក្រុង Aghir នៅលើកោះដេបា ដែលដំបូងបានប្រើអាវុធរបស់គេបាញ់ក្រុមការងាររបស់ខ្លួន និងបានរឹបអូសគ្រាប់រំសេវរបស់ខ្មាន់កាំភ្លើង មុនពេលទៅកាន់វិហារគ្រីបា (Ghriba)។
ខ្មាន់កាំភ្លើង បានបាញ់រះដោយមិនរើសមុខទៅលើអង្គភាពសន្តិសុខ ដែលនៅក្បែរវិហារនោះ សម្លាប់អ្នកទៅកម្សាន្ត២នាក់ និងមន្ត្រីសន្តិសុខម្នាក់ ដែលបានបណ្ដាលឲ្យឆ្មាំសន្តិសុខ៥នាក់ និង ភ្ញៀវទៅកម្សាន្តទីនោះ ៤នាក់រងរបួស។
ក្រសួងបាននិយាយថា ក្រោយមក កងកម្លាំងសន្តិសុខបានបាញ់សម្លាប់ខ្មាន់វាយប្រហារនោះ។ ចំណែកអ្នករបួសរួមទាំងសមាជិកកម្លាំងសន្តិសុខ៦នាក់ និងជនស៊ីវិល៤នាក់។ ក្រសួងការបរទេសទុយនេស៊ី បាននិយាយថាម្នាក់ក្នុងចំណោមអ្នកទៅកម្សាន្តទីនោះ គឺជាជនជាតិបារាំង និងម្នាក់ទៀតជាជនជាតិទុយនេស៊ី ៕