ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលតម្រង់គោលដៅទៅលើទីក្រុង Kyivកាលពីថ្ងៃអង្គារទី៩ឧសភា និងបានប្រារព្ធពិធីក្បួនព្យុហយាត្រាកងទ័ពទូទាំងទីលានចតុរង្គក្រហមរបស់ទីក្រុង Moscow សម្រាប់ការប្រារព្ធពិធីទិវាជ័យជម្នះប្រចាំឆ្នាំរបស់ខ្លួនក្នុងសង្រ្គាមលោកលើកទី២ ស្របពេលខ្វះកម្លាំងប្រយុទ្ធ និងអាវុធនៅសមរភូមិមុខ បន្ទាប់ពីយុទ្ធនាការរដូវរងាត្រូវបរាជ័យនៅអ៊ុយក្រែន។

ក្នុងអំឡុងសន្ទរកថាដ៏ម៉ឺងម៉ាត់ រយៈពេល១០នាទី នៅមុខវិមានក្រឹមឡាំងលោកប្រធានាធិបតី Vladimir Putin បានវាយប្រហារខ្លាំងៗលើវរជនសកលលោកខាងលិច និងបាននិយាយថា អរិយធម៌ស្ថិតក្នុងរបត់ប្រែប្រួលជារៀងរហូត។

មេដឹកនាំរុស្ស៊ី ដែលកាលពីឆ្នាំមុន បានបញ្ជានូវអ្វីដែលលោកខាងលិចហៅថា ជាការឈានពានគ្មានហេតុផលទៅលើអ៊ុយក្រែន បំផ្លិចបំផ្លាញទីក្រុង និងសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ បាននិយាយថា សង្គ្រាមពិតប្រាកដមួយ ត្រូវបានផ្ទុះឡើងប្រឆាំង នឹងប្រទេសកំណើតរបស់យើង ។
ថ្ងៃឈប់សម្រាកសម្រាប់រម្លឹកដល់ជ័យជម្នះរបស់អតីតសហភាពសូវៀត ក្នុងសង្រ្គាមលោកលើកទី២ គឺជាថ្ងៃសំខាន់បំផុតក្នុងប្រតិទិននៅក្នុងប្រទេសរុស្ស៊ី ក្រោមការដឹកនាំរបស់លោក Putin ដែលបានប្រៀបប្រដូចការវាយលុករបស់លោកលើអ៊ុយក្រែនថា ជាការប្រយុទ្ធរបស់រុស្ស៊ីប្រឆាំងរបបណាស៊ី ។
ប្រទេសអ៊ុយក្រែន ដែលបានបាត់បង់ធ្ងន់ធ្ងរជាងរុស្ស៊ី ក្នុងសង្រ្គាមលោកលើកទី២ ហៅការឈ្លានពានរបស់រុស្ស៊ីថា ជាការរំលោភបំពានលើប្រវត្តិសាស្ត្ររួមគ្នា ៕