ប្រធានាធិបតីម៉ិចស៊ីក លោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទបានជំរុញឲ្យក្រុមអ្នកសម្រេចចិត្តសហរដ្ឋអាមេរិក អនុម័តគោលនយោបាយប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ឈប់អំពើហិង្សាដោយកាំភ្លើងនៅផ្នែកទាំងសងខាងនៃព្រំដែនប្រទេសម៉ិចស៊ីក-សហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បានអំពាវនាវជាពិសេសដល់អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និងអភិបាលរដ្ឋ Florida លោក Ron DeSantis បន្តការគ្រប់គ្រងអាវុធ និងកាត់បន្ថយការធ្វើចរាចរណ៍អាវុធឆ្លងកាត់ព្រំដែន។

លោក Lopez Obrador បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅវិមានជាតិក្នុងទីក្រុងប្រទេសម៉ិចស៊ីកូស៊ីធីថា នេះគឺជាគំនិតផ្តួចផ្តើមដ៏ល្អដើម្បីទប់ស្កាត់ឃាតកម្មដ៏អកុសល ដែលការបាញ់ប្រហារទាំងនេះតែងតែកើតឡើងនៅសហរដ្ឋអាមេរិក។
លោកបានសួរថា ហេតុអ្វីបានជាពួកគេមិនចូលរួម និងបញ្ឈប់ការទទួលលុយពីក្រុមហ៊ុនផលិតអាវុធ ពីឧស្សាហកម្មសង្គ្រាមសម្រាប់យុទ្ធការរបស់ពួកគេ។ លោកនិយាយបន្ថែមថា នោះគឺជាកក្តាមួយក្នុងចំណោមកត្តាជាច្រើននៅពីក្រោយបញ្ហាទាំងនេះ។
លោកនិយាយថា អ្នកនយោបាយមួយចំនួននៅសហរដ្ឋអាមេរិក មិននិយាយសម្បីតែមួយម៉ាត់ អំពីការលក់អាវុធដ៏ធូរលុង ខណៈពួកគេទទួលបានលុយពីក្រុមហ៊ុនផលិតអាវុធ ដើម្បីជួយផ្តល់ហិរញ្ញវត្ថុដល់យុទ្ធនាការបោះឆ្នោតថ្មីរបស់ពួកគេ។
រដ្ឋាភិបាល ប្រទេសម៉ិចស៊ីក បានដាក់បណ្តឹងនៅសហរដ្ឋអាមេរិក លើក្រុមហ៊ុនផលិត និងក្រុមហ៊ុនចែកចាយអាវុធដោយចោទប្រកាន់ពួកគេពីការធ្វើពាណិជ្ជកម្មដ៏ធ្វេសប្រហែសដែលបង្កឲ្យមានអំពើហិង្សាដោយអាវុធនៅក្នុងប្រទេសម៉ិចស៊ីក។
លោក Lopez Obrador និយាយថា លោកនឹងជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដើម្បីដោះស្រាយបញ្ហាទ្វេរភាគី។