សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពពីរដ្ឋបាលតំបន់ បានឲ្យដឹងថា មនុស្សប្រមាណ៤២៥នាក់ បានស្លាប់ និង៥.៥២៥នាក់ នៅបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ នៅភាគខាងកើត សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

បុគ្គលិកកាកបាទក្រហម បានប្រកាសអាសន្នអំពីកង្វះខាតការផ្គត់ផ្គង់ និងគ្រឿងបរិក្ខារ ដើម្បីជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ជាង៨.៨០០នាក់ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិមួយបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកុងហ្គោ នាពេលថ្មីៗនេះ។
គណៈប្រតិភូរដ្ឋាភិបាល បានមកដល់តំបន់នេះ កាលពីល្ងាចថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថា បាននាំយកស្បៀងអាហារ និងតង់សម្រាប់អ្នកនៅរស់រានមានជីវិត។

មន្ត្រីរដ្ឋបាលតំបន់លោក Thomas Bakenga Zirimwabagabo បាននិយាយថា មនុស្សជាង៥.៥០០នាក់ នៅមិនទាន់រកឃើញនៅឡើយ។ មន្ត្រីរដ្ឋាភិបាល បាននាំយកភួយ ស្បៀងអាហារ និងម្ឈូសមួយចំនួនមកកាន់តំបន់ Nyamukubi កាលពីថ្ងៃអង្គារ។
ក្រុមមន្ត្រីបានបរិច្ចាគថវិកាដល់ក្លីនីក ក្នុងតំបន់មួយកន្លែងជាទីដែលមនុស្ស៣នាក់ បានស្លាប់កាលពីថ្ងៃអង្គារ និងបានផ្តល់ថវិកាប្រមាណ ១.១០០ដុល្លារដល់ក្រុមគ្រួសារនីមួយៗ ដែលបានរងផលប៉ះពាល់ចំនួន២០០គ្រួសារ។
ពលរដ្ឋក្នុងតំបន់ បាននិយាយថា ជំនួយនេះគឺមានសារៈសំខាន់ ព្រោះយើងគ្មានសល់អ្វីទៀតនោះទេ ហើយលំនៅឋានរបស់យើងត្រូវបានកប់បាត់ ប៉ុន្តែទោះបីមានជំនួយស្បៀងអាហារតិចតួច យើងនៅតែអរគុណដល់រដ្ឋាភិបាល ព្រោះពួកយើងមានចម្ងល់ពីទីកន្លងដែលយើងនឹងទៅដើម្បីរកអាហារ។
បុគ្គលិកផ្តល់ជំនួយ បានកប់អ្នកស្លាប់នៅក្នុងផ្នូររួមធំៗ ដែលត្រូវបានជីកកាលពីចុងសប្តាហ៍ ដែលធ្វើឲ្យមានការត្អូញត្អែពីសំណាក់ក្រុមសង្គមស៊ីវិល និងកំពុងជំរុញឲ្យរដ្ឋាភិបាលសន្យាផ្តល់ជំនួយសម្រាប់ការបញ្ចុះសាកសពឲ្យបានសមរម្យ។