ភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា ទោះបីកំពុងជាប់ភារកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្ដែសម្ដេចតេបានបញ្ជាក់ថា សម្ដេចក៏នៅតែបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២បានដដែល ខណៈសម្ដេចបានចាប់អារម្មណ៍ការប្រកួតរបស់ កីឡាការិនី ប៊ូ សំណាង ដែលខិតខំរត់ទាល់តែដល់ទី ដូច្នេះសម្ដេច និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។
សម្ដេចតេជោមានប្រសាសន៍ថា៖«បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែខ្ញុំក៍នៅបន្តតាមដានការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា យើងបានដែរ»។
សម្ដេចតេជោ បញ្ជាក់ថា រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៍ដោយ។
សម្ដេចតេជោបញ្ជាក់ថា៖«ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ ១ម៉ឺនដុល្លារ(10,000$)»។ សម្ដេច បានឱ្យ លោក សេង ទៀង យកថវិការជូន កីឡាការិនី ប៊ូ សំណាងដោយផ្ទាល់ដៃ៕


