រុស្ស៊ី ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ រុស្ស៊ី Tass បានរាយការណ៍ដោយសំអាងដល់ទីភ្នាក់ងារអង្គភាពសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ថា ចំនួនអ្នកស្លាប់បណ្តាលមកពីចំហេះព្រៃ នៅតំបន់ភ្នំ Ural ប្រទេសរុស្ស៊ី បានកើនឡើងដល់២១នាក់ គិតត្រឹមថ្ងៃអង្គារ។
យោងតាមអាជ្ញាធរប្រចាំតំបន់ បានឲ្យដឹងថា អ្នកស្លាប់ ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ក្នុងភូមិ Yuldus ខេត្ត Kurgan ដែលមានទីតាំងនៅព្រំដែនរវាងតំបន់ភ្នំ Ural និងតំបន់ស៊ីបេរី។
ការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ត្រូវបានណែនាំនៅក្នុងខេត្តនេះ ជាទីដែលអគារជាង៥.០០០ខ្នង ត្រូវបានឆេះបំផ្លាញ។ ចំហេះព្រៃនេះ ក៏បានឆេះរាលដាលហ៊ុមព័ទ្ធផ្ទៃដីរាប់ពាន់ហិចតាក្នុងខេត្ត Sverdlovsk ព្រមទាំងខេត្ត Omsk និងខេត្ត Tyumen តំបន់ស៊ីបេរី។
អំឡុងពេលចុះពិនិត្យកាលពីថ្ងៃចន្ទទៅកាន់ខេត្ត Kurgan រដ្ឋមន្ត្រីស្ថានភាពគ្រាអាសន្នរបស់ប្រទេសរុស្ស៊ី បាននិយាយថា ការតាំងលំនៅលែងស្ថិតនៅក្នុងហានិភ័យពីអណ្តាតភ្លើងព្រៃទៀតហើយ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃអង្គារថា ភ្លើងនៅតែឆេះនៅទីនោះក៏ដោយ ព្រមទាំងនៅខេត្ត Sverdlovsk និងខេត្ត Tyumen ។ ក្នុងបណ្តាឆ្នាំថ្មីៗនេះ ប្រទេសរុស្ស៊ី បានជួបប្រទះចំហេះព្រៃរាលដាល ដែលក្រុមអ្នកជំនាញបានទម្លាក់កំហុសលើរដូវក្តៅហួតហែងខុសទម្លាប់និងសីតុណ្ហភាពកើនឡើងខ្ពស់។

