ប៉ាគីស្ថាន ៖ នៅថ្ងៃពុធ (១០ ឧសភា)នេះ នគរបាលប៉ាគីស្ថានបានរឹតបន្តឹងសន្តិសុខនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ ខណៈដែលសវនាការលើសំណុំរឿងរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan គ្រោងនឹងចាប់ផ្តើមបន្ទាប់ពីចាប់ខ្លួនលោកមួយថ្ងៃមុន។
រនាំងដែក របារបន្លាលួស និងកុងតេន័រជាច្រើន ត្រូវបានរៀបចំដាក់នៅច្រកចូលទីបញ្ជាការនគរបាលក្រុង Islamabad ជាទីដែលលោក Khan កំពុងត្រូវបានឃុំខ្លួន បន្ទាប់ពីនគរបាលបានប្រកាសនៅថ្ងៃពុធនេះថា សវនាការគ្រោងទុករបស់លោកនឹងមិនធ្វើឡើងនៅតុលាការទេ ប៉ុន្តែជំនួសមកវិញនៅទីតាំងឃុំឃាំងរបស់លោក។
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនលោក Khan នៅតុលាការជាន់ខ្ពស់ទីក្រុង Islamabad ក្នុងសំណុំរឿងពុករលួយកាលពីថ្ងៃអង្គារ (៩ ឧសភា) ដោយគំរាមកំហែងឲ្យមានភាពចលាចលថ្មីនៅក្នុងប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ។
ក្រុមអ្នកគាំទ្រលោក Khan គ្រោងនឹងដង្ហែក្បួនទៅកាន់ទីក្រុង Islamabad នៅថ្ងៃពុធនេះ ដោយបង្កឲ្យមានក្តីបារម្ភពីការប៉ះទង្គិចគ្នាបន្ថែមទៀតជាមួយកងកម្លាំងសន្តិសុខ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងរវាងក្រុមអ្នកគាំទ្រ និងនគរបាលមួយថ្ងៃមុននោះ បានសម្លាប់បាតុករយ៉ាងហោចណាស់ម្នាក់៕

