
កាលពីថ្ងៃអង្គារ (៩ ឧសភា) សារព័ត៌មាន CNN បានរាយការណ៍ដោយសំអាងដល់ប្រភពចំនួនបីថា ក្រុមរដ្ឋអាជ្ញាសហព័ន្ធអាមេរិកបានចោទប្រកាន់ពីបទឧក្រិដ្ឋទល់នឹងលោក George Santos សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ ដែលបានសារភាពថាបាននិយាយកុហកអំពីប្រវត្តិរូបរបស់ខ្លួន ប៉ុន្តែបានផ្គើមនឹងការអំពាវនាវឱ្យចុះចេញពីតំណែង ។
សារព័ត៌មាន CNN រាយការណ៍ថា លោក Santos នឹងបង្ហាញខ្លួនឆាប់បំផុតនៅថ្ងៃពុធ (១០ ឧសភា)នេះ នៅក្នុងតុលាការសហព័ន្ធនៅតំបន់ភាគខាងកើតនៃទីក្រុងញូវយ៉ក ជាទីដែលទទួលការចោទប្រកាន់របស់លោក។
អ្នកនាំពាក្យការិយាល័យមេធាវីអាមេរិកប្រចាំតំបន់ភាគខាងកើតនៃទីក្រុងញូវយ៉ក ពុំបានធ្វើអត្ថាធិប្បាយរឿងនេះទេ។ ចំណែកការិយាល័យរបស់លោកSantos ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។
កាលពីខែមីនា គណៈកម្មាធិការវិន័យរបស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតលើកង្វល់ជាច្រើន រួមទាំងបញ្ហាថាតើលោក Santos បានចូលរួមក្នុងសកម្មភាពខុសច្បាប់លើយុទ្ធនាការឆ្នាំ២០២២ របស់ខ្លួនដែរឬទេ និងការខកខានពុំបានបង្ហាញព័ត៌មានច្បាស់លាស់ដែលជាតម្រូវការសម្រាប់ដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍របស់សភា ព្រមទាំងការបំពានច្បាប់សហព័ន្ធទាក់ទងនឹងតួនាទីរបស់លោកនៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុមួយទៀតផង៕