កាលពីថ្ងៃអង្គារ (៩ ឧសភា) ក្រុមកសិករនៅតំបន់ Catalonia ភាគឦសាននៃប្រទេសអេស្ប៉ាញ បានធ្វើការតវ៉ាដោយបើកត្រាក់ទ័រយឺតៗ ក្នុងការទាមទារឱ្យរដ្ឋាភិបាលជួយដោះស្រាយផលប៉ះពាល់នៃគ្រោះរាំងស្ងួតលើដីចម្ការរបស់ពួកគេ មួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ AEMET បានបញ្ជាក់ថា ខែមេសាឆ្នាំនេះគឺជាខែដែលមានអាកាសធាតុស្ងួតខ្លាំងនិងក្តៅបំផុត ចាប់តាំងពីកំណត់ត្រាអាកាសធាតុប្រចាំខែបានចាប់ផ្តើមនៅឆ្នាំ១៩៦១មក។
កម្រិតទឹកជាមធ្យមនៅក្នុងអាងស្តុកទឹកនៅតំបន់ Catalonia និង Andalusia ដែលជាតំបន់រងគ្រោះខ្លាំងជាងគេគឺស្ថិតនៅប្រហែល ២៥% ។ សហជីពកសិករ Unio de Pagesos កំពុងជំរុញឱ្យក្រុមអាជ្ញាធរផ្តល់ធនបម្រុង និងការលើកទឹកចិត្តការបង់ពន្ធកម្លាំងពលកម្ម ព្រមទាំងធ្វើការកែលម្អបណ្តាញស្រោចស្រពបន្ទាន់ ដើម្បីធានាការផ្គត់ផ្គង់ទឹកអប្បបរមាសម្រាប់កសិករ។
លោក Josep Andreu Cortina កសិករវ័យ ៣៥ ឆ្នាំម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា លោករំពឹងថានឹងអាចលក់បានត្រឹមតែ ២% ប៉ុណ្ណោះនៃកសិផលរបស់ខ្លួនដោយសារតែកង្វះខាតទឹក។
លោកបាននិយាយក្នុងការតវ៉ានៅទីក្រុង Lleida ពេលដែលលោកឈរក្បែរត្រាក់ទ័ររបស់ខ្លួនថា "រដ្ឋាភិបាល ត្រូវតែជួយយើងឥឡូវនេះ ក្នុងផ្តល់វិធានការដ៏មានប្រសិទ្ធភាពមួយចំនួនដល់ពួកយើង ដើម្បីដោះស្រាយវិបត្តិដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ "៕
