
រដ្ឋាភិបាលបានឲ្យដឹងថា ការវាយប្រហារនៅជិតវិហារមួយ ក្នុងប្រទេសទុយនីស៊ី បានសម្លាប់មន្ត្រីសន្តិសុខ២នាក់ និងភ្ញៀវទេសចរ ២នាក់ កាលពីថ្ងៃអង្គារ (ទី៩ ឧសភា) ចំពេលមានការធ្វើធម្មយាត្រាប្រចាំឆ្នាំទៅកាន់កោះ Djerba ដែលទាក់ទាញជនជាតិជ្វីហ្វរាប់រយនាក់មកពីអឺរ៉ុប និងអ៊ីស្រាអែល។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះត្រូវបានបង្កឡើងដោយឆ្មាំម្នាក់នៅឯទីតាំងកងទ័ពជើងទឹកលើកោះ Djerba ដែលបានប្រើអាវុធរបស់ខ្លួនបាញ់ទៅលើមិត្តរួមការងារ និងបានយកគ្រាប់រំសេវពីមិត្តរួមការងាររបស់ខ្លួន មុនពេលធ្វើដំណើរតម្រង់ឆ្ពោះទៅកាន់វិហារនោះ។
អ្នកវាយប្រហាររូបនោះ បានបាញ់រះដោយមិនរើសមុខទៅលើអង្គភាពសន្តិសុខ ដែលមានទីតាំងនៅជិតវិហារនោះ ដែលបណ្ដាលឲ្យភ្ញៀវមកទស្សនា ២នាក់ និងមន្ត្រីសន្តិសុខម្នាក់ទៀត បាត់បង់ជីវិត ហើយព្រមទាំងបានបង្កឲ្យមន្ត្រីសន្តិសុខ ៥នាក់ និងភ្ញៀវទេសចរ ៤នាក់ទៀត រងរបួសផងដែរ។ ក្រសួងមហាផ្ទៃបានប្រាប់ថា បន្ទាប់មក ទើបកងកម្លាំងសន្តិសុខ បានបាញ់សម្លាប់ខ្មាន់កាំភ្លើងនោះ។
ក្រសួងការបរទេសទុយនីស៊ី បានឲ្យដឹងថា ភ្ញៀវទេចរម្នាក់ក្នុងចំណោមភ្ញៀវទេសចរ ដែលបានបាត់បង់ជីវិតនោះ ម្នាក់ជាជាជនជាតិបារាំង និងម្នាក់ជាជនជាតិទុយនីស៊ី។ រូបភាពវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមដែលសារព័ត៌មាន Reuters មិនអាចបញ្ជាក់បានភ្លាមៗ បានបង្ហាញឲ្យឃើញពីមនុស្សម្នាដែលមើលទៅកំពុងមានការភ័យខ្លាចឈរនៅក្នុងទីធ្លាមួយ ក្នុងខណៈដែលស្នូរកាំភ្លើងបានលាន់ឮឡើង។ អ្នករស់នៅលើកោះនេះ បាននិយាយថា ពួកគេបានឮសំឡេងកាំភ្លើងបាញ់តគ្នា។
អាជ្ញាធរមិនបានបង្ហាញពីដើមចម ដែលនាំឲ្យមានការវាយប្រហារនេះទេ ប៉ុន្តែកាលពីមុន ក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនិយម បានដាក់គោលដៅលើការធ្វើធម្មយាត្រាក្នុងទីក្រុង Djerba និងបានវាយប្រហារជាច្រើនទៀត នៅក្នុងប្រទេសនេះ៕
