
នគរបាលទីក្រុង Lodz បាននិយាយថា បុរសម្នាក់បានចូលទៅកាន់មណ្ឌលកុមារកំព្រាមួយក្នុងប្រទេសប៉ូឡូញ និងបានសម្លាប់យុវតីម្នាក់ និងធ្វើឱ្យមនុស្សប្រាំបួននាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយប្រើកាំបិតកាលពីល្ងាចថ្ងៃអង្គារ (៩ ឧសភា) ។
អ្នកនាំពាក្យនគរបាលលោកស្រី Aneta Sobieraj បាននិយាយថា នគរបាលបានទទួលព័ត៌មានភ្លាមៗបន្ទាប់ពីម៉ោង ២១:០០ (ម៉ោងសកល) កាលពីថ្ងៃអង្គារថា បុរសវ័យ ១៩ ឆ្នាំម្នាក់បានចូលទៅក្នុងមណ្ឌលកុមារកំព្រានៅក្នុងភូមិ Tomislawice ក្បែរទីក្រុង Lodz និងបានវាយប្រហារអ្នកស្រុកដោយវត្ថុមុតស្រួច។
លោកស្រីនិយាយទៀតថា យុវតីអាយុ ១៦ឆ្នាំម្នាក់ ស្ថិតក្រោមការមើលថែរបស់មណ្ឌលកុមារកំព្រា បានបាត់បង់ជីវិតភ្លាមៗដោយសារការវាយប្រហារនេះ។ មនុស្ស៥នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ឧបទ្ទវហេតុនេះ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ចំណែកមនុស្ស៤នាក់ផ្សេងទៀតត្រូវបានព្យាបាលនៅនឹងកន្លែង”។
ជនដៃដល់ ត្រូវបានចាប់ខ្លួននៅកន្លែងស្នាក់នៅប្រហែលមួយម៉ោងក្រោយពេលកើតហេតុ ដោយមិនបានប្រកែកអ្វីឡើយ ។ នៅពេលចាប់ខ្លួនបុរសនោះមានស្មារតីនឹងធឹង ប៉ុន្តែនគរបាលក៏កំពុងធ្វើតេស្តរកសារធាតុញៀនផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ PAP បាននិយាយដោយមិនបញ្ចេញឈ្មោះប្រភពរបស់ខ្លួនថា អ្នកវាយប្រហារគឺជាអតីតមិត្តប្រុសរបស់ក្មេងស្រីនោះ។ គេបានចូលបន្ទប់ក្មេងស្រីតាមបង្អួច នេះបើយោងតាមទីភ្នាក់ងារ PAP ៕
