បាល់ទាត់៖ ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងការវិលត្រឡប់របស់អ្នកគាំទ្រ មកកាន់ពហុកីឡដ្ឋានវិញនៅថ្ងៃពុធម្សិលមិញនេះ។ បន្ទាប់ពីការផ្ទុះឡើងនៃ COVID-19 នៅចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២០ រាល់បាល់ទាត់នៅក្នុងប្រទេសត្រូវបានពន្យារពេលក្នុងខែមីនា ហើយមិនបានបន្តរហូតដល់ខែមិថុនា។
ចុងបញ្ចប់នៃរដូវកាល ២០១៩/២០ បាត់ទាត់ក៏ចាប់ដំណើរការឡើងវិញ ដោយមិនអនុញ្ញាតអោយអ្នកគាំទ្រចូលទស្សនាឡើយ។ ក្រោយមកយុទ្ធនាការប្រកួតរដូវកាល ២០២០/២១ បានចាប់ផ្តើមនៅក្នុងខែកញ្ញាដោយរាល់ការប្រកួតទាំងអស់ នៅតែត្រូវបានលេងនៅក្នុងពហុកីឡដ្ឋានទទេ។ អ្នកគាំទ្រក្រោយមកក៏ត្រូវបានអនុញ្ញាតសារជាថ្មី អោយចូលទស្សនាវិញក្នុងចំនួនកំណត់ អាស្រ័យលើតំបន់ដែលមានកំរិតហានីភ័យ ឆ្លងពីទាបទៅខ្ពស់។ មកដល់ថ្ងៃពុធម្សិលមិញ Premier League បានសំរេចក្នុងការបើក អោយអ្នកគាំទ្រត្រលប់មកវិញសារជាថ្មីនៅ ពីរសប្តាហ៍ចុងក្រោយនៃក្របខណ្ឌ English Premier League រដូវកាលនេះក្នុងចំនួនមានកំណត់ និងអនុញ្ញាតអោយតែអ្នកគាំទ្រក្នុងទឹកដីប៉ុណ្ណោះ។ សប្តាហ៍ទី៣៧ នឹងធ្វើនៅចុងសប្តាហ៍ថ្ងៃទី ១៨-១៩ ខែឧសភានេះ និងសប្តាហ៍ចុងក្រោយទី៣៨ នៅថ្ងៃអាទិត្យតែមួយថ្ងៃនៅថ្ងៃទី២៣ ខែដដែលនេះ។
Manchester City ដែលជាក្រុមកំពូលតារាងនឹងអាចលើកពាន Premier League នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន នៅសប្តាហ៍ចុងក្រោយនៅពេលទទួលភ្ញៀវ Everton។ ជាមួយគ្នានោះដែរ FA ក៏មានគម្រោងបើកអោយអ្នកគាំទ្រ ចូលទស្សនាវគ្គផ្តាច់ព្រ័ត្រ FA Cup ថ្ងៃទី១៥ ខែឧសភានេះដែរ បន្ទាប់ពីអ្នកគាំទ្រ ៤០០០នាក់បានចូលទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Leicester City និង Southampton នៅ Wembley ហើយអ្នកគាំទ្រ ៨០០០នាក់ក៏បានចូលទស្សនាផ្ទាល់វគ្គផ្តាច់ព្រ័ត្រ Carabao Cup ដែល Manchester City យកឈ្នះ Spurs ផងដែរ៕
អត្ថបទ៖នាង សុភាវុធ