
ក្រុមសកម្មជនអ៊ុយក្រែនរាប់សិបនាក់មកពីក្រុម Euromaidan ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាសូវី បានតវ៉ានៅមុខទីបញ្ចុះសពទាហានសូវៀតរបស់រដ្ឋធានីនេះ កាលពីថ្ងៃអង្គារ (៩ ឧសភា) ហើយបានរារាំងច្រកចូលរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីដែលមកដាក់កម្រងផ្កាដើម្បីប្រារព្ធទិវានេះ។
ក្រុមបាតុករបានធ្វើការដំឡើងរូបសិល្បៈនៅច្រកចូលទីបញ្ចុះសព ដោយបង្ហាញផ្ទាំងចម្លងនៃអគារ ឈើឆ្កាង និងរូបចម្លាក់ថ្មមុខផ្នូរ ដោយដាក់ឈ្មោះកុមារដែលបានស្លាប់ក្រោមការបាញ់ប្រហាររបស់រុស្ស៊ី។
អ្នកនាង Viktoria Pogrebniak សកម្មជនក្រុម Euromaidan បាននិយាយនៅក្នុងការជួបជុំនៅមុខទីបញ្ចុះសពថា "យើងបានរៀបចំដំឡើងផ្ទាំងសិល្បៈរបស់យើងនៅទីនេះ ដែលបង្ហាញពីឥទ្ធិពលនៃឧក្រិដ្ឋកម្មរុស្ស៊ីទៅលើអ៊ុយក្រែន។ តាមរបៀបនេះ នៅពេលដែលឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៉ូឡូញដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ លោកនឹងត្រូវដើរកាត់ផ្លូវនានាដែលជានិមិត្តរូបនៃទីក្រុង Mariupol ដែលត្រូវបានបំផ្លាញ” ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Sergei Andreyev បានជ្រើសរើសមិនដើរឆ្លងកាត់ការដំឡើងរូបសិល្បៈនោះ ហើយដាក់កម្រងផ្កានៅលើដីមុនពេលចាកចេញ៕
