ភ្នំពេញ៖ លោក Honda បានសរសេរលើហ្វេសប៊ុក នាព្រឹកថ្ងៃទី១១ ខែឧសភានេះ ដោយផ្ដាំឲ្យក្រុមកម្ពុជាបន្តដើរតាមក្តីស្រមៃរបស់ខ្លួន។ លោកបានសរសេរថា អរុណសួស្តី! ដូចអ្នកទាំងអស់គ្នា បានដឹងហើយថា ភារកិច្ចរបស់ខ្ញុំ ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់កាលពីយប់មិញ។

លោកបន្តថា ពួកយើងចង់ឲ្យអ្នកទាំងអស់គ្នា សប្បាយចិត្តជាមួយលទ្ធផលល្អប្រសើរមួយ។ ប៉ុន្តែពួកយើង មិនអាចធ្វើបាន។ ពួកយើងមិនគួរសន្យានោះទេ ហើយពេលខ្លះខ្ញុំក៏ពិបាកទទួលយកលទ្ធផលមិនល្អទាំងនោះដែរ។
លោកបញ្ជាក់ថា ខ្ញុំមានអារម្មណ៍ថា ការដឹកនាំរបស់ខ្ញុំ បរាជ័យជាច្រើនដង ចាប់ពីឆ្នាំ២០១៨មក ។ ប៉ុន្តែអ្នកទាំងអស់គ្នា (អ្នកគាំទ្រ និងកីឡាករ) ជាកម្លាំងចិត្ត និងក្តីសង្ឃឹមរបស់ខ្ញុំ។ ទាំងនេះ គឺជាមូលហេតុ ដែលខ្ញុំបន្តភារកិច្ចការងារខ្ញុំ រហូតដល់បញ្ចប់រយ:ពេល៥ឆ្នាំនេះ។
លោក Honda លើកឡើងថា អ្នកគាំទ្រ និងកីឡាករទាំងអស់ បានផ្ដល់ឲ្យខ្ញុំគ្រប់យ៉ាង។ ខ្ញុំមានមោទកភាពចំពោះអ្នកទាំងអស់គ្នា។
លោក Honda ថ្លែងថា ជាចុងក្រោយ ខ្ញុំចង់និយាយពាក្យមួយម៉ាត់ថា " ត្រូវមានក្តីស្រមៃ ហើយដើរតាមក្តីស្រមៃខ្លួន"៕


