ភ្នំពេញ៖ តាមរយៈលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ការចាប់អារម្មណ៍ខ្លាំងរបស់ដៃគូខាងក្រៅ ក្នុងការស្វែងរកការបង្កើតទំនាក់ទំនងជាមួយអាស៊ាន និងបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះការបន្តកើនឡើងនូវការចាប់អារម្មណ៍នៃបណ្តាប្រទេសទាំងឡាយ នៅខាងក្រៅតំបន់ ក្នុងការស្នើសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ហើយដែលការណ៍នេះ។
រដ្ឋមន្ត្រីការបរទេសអាស៊ានទន្ទឹងរង់ចាំការចុះហត្ថលេខា ដោយប្រទេសម៉ិកស៊ិក ប៉ាណាម៉ា និងអារ៉ាប៊ីសាអូឌីត ជាមួយនឹងអេស្ប៉ាញ លើលិខិតុបករណ៍នៃការចូលជាភាគីនៃ TAC នៅក្នុងឆ្នាំនេះ ហើយក៏រំពឹងផងដែរនូវការវាយតម្លៃឡើងវិញលើសំណើរបស់ប្រទេសស៊ែប៊ី។ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា អាស៊ាននឹងអាចសម្រេចបាននូវកុងសង់ស៊ីសក្នុងការគាំទ្រលើសំណើរបស់ម៉ាល់ឌីវសុំជាភាគីសន្ឋិសញ្ញានៃ TAC។
អំពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ានបានគាំទ្រសំណើរបស់កាណាដាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ក្នុងឆ្នាំនេះ និងបានគាំទ្រការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា តាមរយៈការចេញសេចក្តីថ្លែងការណ៍រួម នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយ កាណាដា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏ទន្ទឹងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលី។
រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានផ្លាស់ប្តូរយោបល់គ្នាលើវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាពន្លឿននូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (5PC) របស់ប្រមុខដឹកនាំអាស៊ាន រួមទាំងការពិនិត្យឡើងវិញនិងសេចក្តីសម្រេច ១៥ចំណុច របស់ប្រមុខដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ចំណុច ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅរាជធានីភ្នំពេញ កាលពី ឆ្នាំកន្លងទៅ។ កម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា សោកនាដកម្មទាំងឡាយបង្កឡើងដោយអំពើហិង្សាដែលកំពុងបន្តកើនឡើង នៅតាមតំបន់ជាច្រើន នៅមីយ៉ាន់ម៉ា គឺជាការរំលឹកដ៏ឃោរឃៅមួយដែលតម្រូវឲ្យយើងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នៅចំពោះមុខការប្រឈមដ៏ស្មុគស្មាញនេះ អាស៊ានចាំបាច់ត្រូវមានភាពបត់បែន ការបង្កើតគំនិតថ្មី និងភាពច្នៃប្រឌិត ក្នុងការស្វែងរកអភិក្រមនានាដែលអាចជំរុញការអនុវត្តកិច្ចព្រមព្រៀង 5PC នេះបាន៕