ឥណ្ឌា៖ សាកសពនៅគរក្នុងឈាបនដ្ឋាន ក្នុងរដ្ឋធានីញូដេលីរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃពុធ ខណៈដែលសាច់ញាតិជនរងគ្រោះដោយសារវីរុសកូរ៉ូណា បានប្រញាប់ប្រញាល់ស្វែងរកអ៊ុកស៊ីសែន។

សម្រាប់អ្នកទាំងឡាយដែលបានឆ្លងវីរុស ប៉ុន្តែនៅមានជីវិតនៅឡើយការទទួលបានអុកស៊ីសែននៅតែជាបញ្ហា។ លោក Akshay ដែលបានទៅបញ្ចូលអុកស៊ីសែន ឲ្យសាច់ញាតិរបស់លោកបាននិយាយថា លោកបានរង់ចាំទីនោះតាំងពីម៉ោង ៥ព្រឹកមកម្ល៉េះ។ អណ្ដាតភ្លើងបានឆាបឆេះឡើងចេញពីគំនរអុសបូជាសព ដែលបានដាក់ក្បែរនោះ ខណៈសមាជិកក្រុមគ្រួសារបានធ្វើពិធីលាជាលើកចុងក្រោយ។ ខណៈករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺ COVID-19 មានចំនួន ៣៨២,៣១៥នាក់ ប្រទេសឥណ្ឌាមានករណីឆ្លងជាង ២១លាននាក់ចាប់តាំងពីចាប់ផ្ដើមផ្ទុះជំងឺរាតត្បាតសកល ខណៈរដ្ឋាភិបាលបានប្រឈមនឹងការអំពាវនាវ ឲ្យការបិទប្រទេសយ៉ាងតឹងរ៉ឹង។ កិច្ចខិតខំប្រឹងប្រែងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង ត្រូវបានបង្អាក់ដោយកង្វះដូសវ៉ាក់សាំង។ ប្រទេសឥណ្ឌាដែលមានប្រជាជនជាង ១,៣ពាន់លាននាក់បានចាក់វ៉ាក់សាំងជាង ១៦០លានដូស៕
អត្ថបទ៖ សុខមាន