កិច្ចពិភាក្សាលម្អិតស្តីពីការកំណត់អតិបរមាបំណុលចំនួន ៣១,៤សែនកោដិលានដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមហើយ កាលពីថ្ងៃពុធ ដោយគណបក្សសាធារណរដ្ឋបន្តទទូចលើការកាត់បន្ថយការចំណាយនានា ពោលគឺ ១ថ្ងៃបន្ទាប់ពីមានជំនួបជាលើកដំបូង ក្នុងរយៈពេល៣ខែរបស់លោកប្រធានាធិបតី Joe Biden មកពីគណបក្ស Democratic និងសមាជិកសភាជាន់ខ្ពស់លោក Kevin McCarthy មកពីគណបក្ស Republican។

ពេលវេលា មានភាពតានតឹង ក្នុងការបញ្ចៀសការខកខានសងបំណុលរដ្ឋាភិបាលដែលអាចបង្កអស្ថិរភាពសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ ដែលក្រសួងរតនាគារបានព្រមានថា វាអាចកើតឡើងក្នុងរយៈពេលមិនយូរទៀតនេះ គឺនៅថ្ងៃទី១ ខែមិថុនាខាងមុខ។ ប៉ុន្តែផ្នែកខ្លះនៃការសម្របសម្រួលនេះ អាចបន្តដំណើរទៅមុខបាន បន្ទាប់ពីកិច្ចប្រជុំរបស់សេតវិមាន កាលពីថ្ងៃអង្គារ។
ភាពជាប់គាំងនេះ បានបង្កក្តីបារម្ភដល់ក្រុមវិនិយោគិន ដែលរុញឲ្យមានការចំណាយលើផលវិបាកធានារ៉ាប់រងចំពោះការខកខានសងបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កើនឡើងខ្ពស់បំផុត ខណៈដែល Wall Street កាន់តែមានការបារម្ភអំពីហានិភ័យនៃការខកខានសងបំណុលដែលមានពីមុនមកនេះ។
កាលពីថ្ងៃពុធនោះផងដែរ ក្រសួងរតនាគារបានប្រកាសថា ចំណូលពន្ធរបស់រដ្ឋាភិបាលសម្រាប់ខែមេសា បញ្ជាក់ពីទំនោរនៃការធ្លាក់ចុះប្រាក់ចំណូលនាពេលថ្មីៗនេះ ដែលរួមជាមួយនឹងការចំណាយខ្ពស់ ទំនងជាបន្ថែមសម្ពាធលើសភាឲ្យឈានដល់កិច្ចព្រមព្រៀងកំណត់អតិបរមាបំណុលឲ្យបានឆាប់បំផុត។
លោកស្រី Maya MacGuineas ប្រធានគណៈកម្មាធិការមិនស្វែងរកប្រាក់ចំណេញសម្រាប់វិធានការទទួលខុសត្រូវថវិកាសហព័ន្ធ បាននិយាយថា៖ «ប្រសិនបើអ្នកតំណាងរាស្រ្តតែងតែតម្រូវឲ្យមានការការដាស់តឿន នេះគឺជារឿងត្រឹមត្រូវហើយ។ ចំណូលពន្ធតិចតួច គឺជាប្រភេទព័ត៌មាន ដែលយើងមិនចង់បាននៅពេលនេះទេ»។
លោកស្រី បានកត់សម្គាល់ថា ខែមេសាគឺជាពេលវេលាមួយ ក្នុងចំណោមរយៈ ២-៣ដង ដែលរតនាគារកត់ត្រាអតិរេក ហើយអតិរេកចំនួន ១៧៦ពាន់លានដុល្លារ នឹងមានបញ្ហាតិចតួចណាស់ នៅពេលយើងខ្ចី ៤,២ពាន់លានដុល្លារ ក្នុងមួយថ្ងៃ ក្នុងឆ្នាំសារពើពន្ធនេះ។
លោក Biden បានបង្ហាញនូវការបើកចំហចំពោះតម្រូវការរបស់គណបក្ស Republican ក្នុងការទាមទារដកមកវិញនូវប្រាក់ដែលមិនប្រើប្រាស់មួយចំនួនសម្រាប់ការសង្គ្រោះ COVID-19 ដែលមានតិចជាង ៨០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះដែរ សេតវិមានបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះច្បាប់ ដែលពន្លឿនដល់ការអនុញ្ញាតឲ្យរដ្ឋាភិបាលលើគម្រោងថាមពល ដោយកំណត់ពេលវេលាអតិបរមា៕