ភ្នំពេញ៖ ទាក់ទងនឹងទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃមជ្ឈភាព និងឯកភាពអាស៊ាន ក្នុងភ្ជាប់ទំនងទំនងជាមួយដៃគូខាងក្រៅ តាមរយៈយន្តការអាស៊ានបូកមួយ អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។
នេះបើតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។
ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានទន្ទឹងរង់ការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុនសម្រាប់ ៥០ ឆ្នាំនៃសហប្រតិបត្តិការនិងមិត្តភាពអាស៊ាន-ជប៉ុន ថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។
មេដឹកនាំអាស៊ាន បានស្វាគមន៍សំណើអូស្ត្រាលី ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីប្រារព្ធខួប ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី ក្នុងខែមីនា ឆ្នាំ២០២៤ និងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅពាក់កណ្ដាលឆ្នាំនេះ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
មេដឹកនាំអាស៊ានក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាតំបន់ និងអន្តរជាតិ រួមមានបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ តំបន់មជ្ឈិមបូព៌ា បញ្ហាមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
លើសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលជាក្រមប្រតិបត្តិដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានកត់សម្គាល់នូវការយល់ព្រមលើសំណើរបស់អារ៉ាប៊ីសាអូឌីត និងប៉ាណាម៉ា ចូលជាភាគីនៃ TAC។
មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ធំនៃដំណើរការចរចាលើសន្ធិសញ្ញាបត្យាប័នអាស៊ាន និងរំពឹងដល់ការបញ្ចប់របស់ខ្លួន ដែលនឹងរួមចំណែកដល់សន្ធិសញ្ញាស្ដីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្ម៕




