អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានបង្ហាញខ្លួន នៅតុលាការដើម្បីឆ្លើយតបចំពោះបទចោទប្រកាន់អំពើពុករលួយ មួយថ្ងៃបន្ទាប់ពីលោកត្រូវបានចាប់ខ្លួនដោយក្រុមយោធាប៉ារ៉ា ដែលបង្កឲ្យមានការប៉ះទង្គិចគ្នារហូតដល់មានមនុស្សស្លាប់។

ការចោទប្រកាន់ទាក់ទងទៅនឹងការលក់អំណោយ ដែលត្រូវបានបញ្ជូនមកឲ្យលោកដោយមេដឹកនាំបរទេស ខណៈលោកនៅក្នុងដំណែង។ មេធាវីរបស់លោក បានប្រាប់សារព័ត៌មាន CNN ថា លោក Khan បានច្រានចោលការចោទប្រកាន់នេះ។

មេធាវីរបស់លោក និយាយថា លោក Khan បានចោទថា លោកត្រូវបានគេធ្វើទារុណកម្ម និងវាយដំរាល់យប់ ខណៈនៅក្នុងការឃុំខ្លួន ហើយអតីតមេដឹកនាំរូបនេះមានស្នាមជាំនៅលើក្បាលរបស់គាត់ នៅពេលលោកKhan បានជួបលោកនៅសវនាការតុលាការ។
លោក Khan ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ក្នុងករណីអំពើហិង្សាមួយផ្សេងទៀត ដែលលោកត្រូវបានចោទប្រកាន់ការទទួលយកដីដោយខុសច្បាប់ និងសាងសង់សាកលវិទ្យាល័យមួយ។
មេធាវីរបស់លោក បានប្រាប់សារព័ត៌មាន CNN ថា លោក Khan ត្រូវបានឃុំខ្លួនតាមជាក់ស្តែងរយៈពេល៨ថ្ងៃ បន្ទាប់ពីសវនាការតុលាការ សម្រាប់បទចោទប្រកាន់ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ។
ការចាប់ខ្លួនលោក បានបន្ថែមកម្តៅដល់ការប្រឈមដាក់គ្នាដ៏តានតឹងរួចទៅហើយរវាងយោធាដ៏មានអំណាចរបស់ប្រទេសនេះ និងក្រុមអ្នកគាំទ្ររបស់លោក ដែលបានចេញធ្វើបាតុកម្ម និងបង្កឲ្យមានហេតុការណ៍ពុំធ្លាប់មានពីមុនមក ខណៈហ្វូងមនុស្សមានកំហឹងសម្រុកចូល និងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងគេហដ្ឋាននានារបស់បុគ្គលិកយោធា។